សមាគមមូនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និង FASMEC ដែលមានឧកញ៉ា តែ តាំងប៉ ជាប្រធានដឹកនាំ អនុប្រធាន សមាជិក សមាជិកា ក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ខាងមុខនេះ។
នៅក្នុងសារលិខិតថ្វាយព្រះពររបស់សមាគមមូលនិធិសម្តេចតេជោ SME និងFASMEC បានក្រាបទូលថ្វាយនៅឱកាសដ៏មហានក្ខត្តឬក្សឧត្តុងឧត្តម និងមង្គលសិរីសួស្តីប្រពៃថ្លៃថ្លា នៃពិធីចូលឆ្នាំថ្មីខ្មែរប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ឈានចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៧៨ខាងមុខនេះ ទូលព្រះបង្គំជាខ្ញុំក្នុងនាមថ្នាក់ដឹកនាំ អនុប្រធាន សមាជិក សមាជិកា នៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងFASMEC ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាត ថ្វាយព្រះសព្ទសាធុការបវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ប្រកបដោយកតញ្ញូ កតវេទិតាធម៌ដ៏ជ្រាលជ្រៅ ជាទីបំផុត ជូន ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គប្រកបដោយសុខភាពល្អបរិបូរណ៍ ព្រះកាយពលានុភាព មាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាទីឃាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រខ្មែរទូទាំង ព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត ជាថ្មីម្តងទៀត លើកហត្ថប្រណម្យ បួងសួងដល់អស់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី មហិទ្ធិឫទ្ធិបុណ្យបារមីដ៏ខ្លាំងក្លានៃទេវតារក្សាព្រះមហា ស្វេតច្ឆត្រ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ សូមព្រះអង្គតាមជួយ ថែរក្សាអភិបាល ប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនព្រះបញ្ញាញាណឈ្លាសវៃព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិ ជាម្លប់ត្រជាក់ត្រជំសុខដុមរមនារបស់មាតុភូមិកម្ពុជា និងប្រជារាស្ត្រខ្មែរ គ្រប់រូប និងសូម សមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ ។
សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះមេត្តាប្រោសទទួលនូវគារវភក្តីភាពដ៏ស្មោះត្រង់ និងអភិវន្ទនកិច្ច ដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ។ សេចក្តីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោស ៕