សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅថ្ងៃទី១១ ខែមេសានេះថា រាជរដ្ឋាភិបាលកម្ពុជា កំពុងជួយដោះស្រាយបញ្ហារវាងម្ចាស់បុរី និងអតិថិជន ជាបន្តបន្ទាប់ ហើយមិនមែនដេកមើលការលំបាករបស់ពលរដ្ឋនោះទេ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់មេត្តាទុកពេលវេលា និងជឿទុកចិត្តលើរាជរដ្ឋាភិបាល។

បច្ចុប្បន្ននេះ មានបញ្ហាមួយចំនួនរវាងម្ចាស់បុរីនិងអតិថិជនដែលជាប្រជាពលរដ្ឋត្រូវការលំនៅឋានរស់នៅ ដោយសារតែកត្តាកូវីដ-១៩ វិបត្តិសេដ្ឋកិច្ច ការបង់រំលស់ផ្ទះមានការយឺតយ៉ាវ ឬគ្មានលទ្ធភាពបង់បន្ត ធ្វើឱ្យម្ចាស់បុរីមួយចំនួន ក៏មានការជាប់គាំងនូវលំហូរសាច់ប្រាក់ និងទាមទារចាត់វិធានការអនុវត្តតាមកិច្ចសន្យា ដោយរឹបអូសផ្ទះវិញ ឬទិញចូលវិញពីអតិថិជនវិញ ក្នុងតម្លៃសមរម្យណាមួយ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងដូច្នេះថា៖ “រាជរដ្ឋាភិបាលមិនបានដេកមើលការលំបាករបស់ប្រជាជននោះទេ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជារដ្ឋមន្ត្រីក្រសួងនេះ បាននិងកំពុងធ្វើការប្រចាំថ្ងៃជាមួយបុរី ជាមួយប្រជាពលរដ្ឋដែលជាអ្នកទិញ ដើម្បីដោះស្រាយបន្តិចម្ដងៗ ក្នុងនោះមានប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដែលបាននិងកំពុងដោះស្រាយជាបន្តបន្ទាប់”។
សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាលមានគោលដៅធ្វើយ៉ាងណាឱ្យក្រុមហ៊ុនអភិវឌ្ឍន៍មានលំនឹងក្នុងការបន្តកសាង និងប្រគល់ផ្ទះជូនអតិថិជន ដូច្នេះសំណូមពរឱ្យពលរដ្ឋជឿទុកចិត្តក្នុងការបន្តដោះស្រាយជូន។ សម្តេចបន្ថែមថា៖ “ទោះជាយ៉ាងណា យើងមិនអាចបំផ្លាញសេដ្ឋកិច្ចក្នុងរយៈពេលលំបាកនេះបានឡើយ សេដ្ឋកិច្ចវាតែងមានឡើងមានចុះ ពេលលំបាកយើងត្រូវតែរួមគ្នាដោះស្រាយ នៅពេលជោគជ័យនោះប្រជាពលរដ្ឋយើងនឹងមានជីវភាពឡើងមួយកម្រិតទៀត”។
គួររំឭកថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានដឹកនាំអនុប្រធាន និងសមាជិកនៃសមាគម ដែលភាគច្រើនជា អ្នកឧកញ៉ា ឧកញ៉ា ម្ចាស់បុរីធំៗនៅក្នុងប្រទេសកម្ពុជា រៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា លី ហួរ បានលើកឡើងថា បញ្ហាសេដ្ឋកិច្ចធ្លាក់ចុះជាសកល បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាទាំងមូល ជាពិសេសលើវិស័យអចលនទ្រព្យ ខណៈដែលបច្ចុប្បន្ននេះ គម្រោងបុរី និងខុនដូ ការលក់មានការធ្លាក់ចុះយ៉ាងខ្លាំង។
អ្នកឧកញ៉ាប្រធានសមាគម បានឱ្យដឹងទៀតថា ជាក់ស្តែងអតិថិជនពន្យាពេលបង់ប្រាក់ រហូតដល់អតិថិជនមួយចំនួនមិនមានលទ្ធភាព មិនបានបង់ប្រាក់ត្រឡប់មកក្រុមហ៊ុនវិញ ព្រមទាំងទាមទារឱ្យក្រុមហ៊ុនទិញផ្ទះត្រឡប់មកវិញ ធនាគារពាណិជ្ជក៏បានតម្លើងអត្រាការប្រាក់ និងរឹតបន្តឹងការផ្ដល់ឥណទានលំនៅឋានជូនអតិថិជន ផ្អាកផ្តល់ឥណទានលើការវិនិយោគលើវិស័យសំណង់ ក្រសួងស្ថានប័នរដ្ឋ ដែលពាក់ព័ន្ធមានការយឺតយ៉ាវក្នុងការផ្តល់សេវាកម្ម រឹតបន្តឹងលើការអនុវត្តផ្លូវច្បាប់ និងមានការផាកពិន័យជាប្រាក់ដល់ក្រុមហ៊ុនអភិវឌ្ឍន៍ផងដែរ ធ្វើឱ្យក្រុមហ៊ុនមួយចំនួនមានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ក្រុមហ៊ុនមួយចំនួនផ្អាកការសាងសង់ បិទគម្រោងទាំងមូល និងឈានទៅដល់ក្ស័យធនតែម្ដង៕