ជិតចូលឆ្នាំខ្មែរតម្លៃជ្រូករស់មានការងើបឡើងវិញ ខណៈក្រោយពេលចូលឆ្នាំកសិកររំពឹងថាកាន់តែបន្តឡើងថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

ទីផ្សារជ្រូកបច្ចុប្បន្នបើគិតចាប់ពីថ្ងៃទី១២ ខែមីនា ក្រោយពីបិទសាច់ជ្រូកបង្កកមក តម្លៃឃើញមានការងើបឡើង ពោលចន្លោះពី៨០០០រៀល ទៅ៨៥០០រៀលក្នុងមួយគីឡូក្រាម ដែលតម្លៃនេះជាសញ្ញាល្អមួយសម្រាប់អ្នកចិញ្ចឹម។នេះបើតាមការលើកឡើងរបស់លោក រស់ ឆាំងគី ជាអ្នកបច្ចេកទេសចិញ្ចឹមសត្វ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក រស់ ឆាំងគី បានឱ្យដឹងថា «ទីផ្សារជ្រូកបច្ចុប្បន្នបើគិតចាប់ពីថ្ងៃទី១២ ខែមីនា ក្រោយពីបិទសាច់ជ្រូកបង្កកមក តម្លៃឃើញមានការងើបឡើង គ្រាន់តែងើបឡើងរាងយឺត ប៉ុន្តែក៏ជាសញ្ញាមួយល្អសម្រាប់បងប្អូនដែលគាត់ជាអ្នកចិញ្ចឹម ព្រោះតំបន់ខ្លះបងប្អូនគាត់ជាអ្នកចិញ្ចឹមជាកសិករ គាត់អាចលក់បានតម្លៃក្នុចន្លោះ៨០០០រៀល ទៅ៨៥០០រៀល ប៉ុន្តែមានតំបន់មួយចំនួនតូចដែលនៅលក់បានក្រោមតម្លៃ៨០០០រៀល វាជាតំបន់ដែលពោពេញដោយការប្រកួតប្រជែងឬក៏តំបន់ដែលឈ្មួញគេបង្អាក់តម្លៃក៏យើងមិនដឹងច្បាស់ ប៉ុន្តែតម្លៃជាទូទៅគឺនៅក្នុងចន្លោះពី៨០ ទៅ៨៥ នេះគឺក្រោយពីការចូលជាធរមានចាប់ពីថ្ងៃទី១២ មីនា ឆ្នាំ២០២៤មក។ហើយយើងសង្ឈឹមថានាឱកាសជិតចូលឆ្នាំខ្មែរ ក៏ដូចជាឱកាសក្រោយពេលចូលឆ្នាំខ្មែរនេះ សន្ទុះឬការឡើងជាសន្សឹមៗនៅតែបន្តឡើង ដោយនេះជាអ្វីដែលជាក្តីសង្ឈឹមរបស់ប្រជាពលរដ្ឋ ដែលគាត់ជាអ្នកចិញ្ចឹមជ្រូក»។

លោកបន្តថា «សម្រាប់តម្លៃ៨០០០ទៅ៨៥០០នេះ បើសិនជាកសិករគាត់គ្រប់គ្រងអត្រាងាប់ អត្រាឈឺរបស់គាត់បានល្អ វាជាតម្លៃមួយដែលគាត់អាចនឹងរួចខ្លួន ឬក៏ចំណេញបានតិចតួចបំផុត។អីចឹងហើយបានជាយើងដែលជាអ្នកចិញ្ចឹមចង់បានតម្លៃមួយដែលក្នុងចន្លោះ៩៥០០ ដើម្បីឱ្យគាត់អាចបានចំណេញ ពីព្រោះគាត់ខាតយូរហើយ។ អីចឹងតម្លៃល្អបំផុតគឺតម្លៃ៩០០០ ទៅ៩៥០០ជាតម្លៃស្ថេរភាពល្អបំផុតសម្រាប់បងប្អូនដែលគាត់ជាអ្នកចិញ្ចឹម។ ដោយឡែកសម្រាប់តម្លៃ៨០០០ទៅ៨៥០០នេះ ជាតម្លៃមួយដែលគាត់អាចរួចខ្លួន តែបងប្អូនខ្លះដែលគាត់អាចមានបច្ចេកទេសល្អ គាត់កាត់បន្ថយ គាត់បង្កើនបច្ចេកទេស អីចឹងតម្លៃនេះគាត់អាចមានការចំណេញខ្លះហើយ»។

បើតាមលោក រស់ ឆាំងគី ជាការរំពឹងទុក ក្រោយពេលចូលឆ្នាំ លោករំពឹងថាតម្លៃជ្រូកវានឹងកាន់តឺមានការកើនឡើង ប៉ុន្តែក៏ជាការព្រួយបារម្ភផងដែរ ព្រោះដោយសារក្រោយចូលឆ្នាំហើយ កម្មវិធីនានាដូចជាពិធីការ កម្មវិធីផ្សេងៗ ឬក៏ជារដូវវស្សាដែលសម្បូរម្ហូបតាមជនបទ។អីចឹងជាក្តីកង្វល់ក៏ខ្លាចវាមានតម្រូវការធ្លាក់ចុះដែរ នេះជារឿងពិតសម្រាប់តម្រូវការសាច់ជ្រូក។ប៉ុន្តែយើងក៏សង្ឈឹមថាវានឹងកើនឡើងតាមរយៈការទប់ស្កាត់ជាមួយនឹងបញ្ហាសាច់បង្កកផ្សេងៗ ដែលធ្វើឱ្យតម្រូវការនៅតែរក្សារលំនឹង ធ្វើឱ្យទាញតម្លៃឱ្យនៅស្ថេរភាពបន្តកើតឡើងជាសន្សឹមៗរហូតទៅដល់កន្លែងមួយដែលរស់បានទាំងអស់គ្នា សម្រាប់បងប្អូនដែលចិញ្ចឹមចន្លោះពី៩០០០ទៅ៩៥០០។

ចំណែកឯអ្នកស្រី លី ស៊ីណា កសិករចិញ្ចឹមជ្រូកនៅខេត្តពោធិ៍សាត់ បានឱ្យដឹងថា តម្លៃជ្រូកគិតត្រឹមថ្ងៃទី១០ ខែមេសានេះ មានតម្លៃ៨០០០រៀលក្នុងមួយគីឡូក្រាម សម្រាប់ជ្រូកល្អមានសាច់មិនស្គម តែសម្រាប់ជ្រូកស្គមជាង៧៥០០រៀលប៉ុណ្ណោះ។អ្នកស្រីបន្តថា តម្លៃជ្រូកកាលពីខែមករាដល់កុម្ភៈ ឆ្នាំនេះតម្លៃជ្រូករស់ធ្លាក់ចុះខ្លាំងមែនទែនទើបតែចូលដល់ខែមេសាតម្លៃជ្រូកចាប់ផ្តើមងើបឡើងបន្តិចវិញ។

បើតាមកសិករចិញ្ចឹមជ្រូករូបនេះ តម្លៃចន្លោះ៨០០០រៀលនេះមិនទាន់អាចចំណេញនៅឡើយទេតែអាចសម្រួលថ្លៃដើមបាន ហើយអ្នកស្រីសង្ឈឹមថាមុនចូលឆ្នាំមួយថ្ងៃឬអំឡុងពេល និងក្រោយចប់ចូលឆ្នាំតម្លៃជ្រូកអាចនឹងកាន់តែប្រសើរឡើងថែមទៀត៕