លោក វ៉ន វណ្ណាល់ នាយកប្រតិបត្តិសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជាបានឱ្យដឹងថានៅឆ្នាំនេះចរន្តទិញលក់ម្រេចនៅលើពិភពលោកមានលក្ខណៈល្អជាងឆ្នំាមុន ហើយម្រេចលក់បានថ្លៃ ដោយសារស្តុកម្រេចនៅលើទីផ្សារអន្តរជាតិមានការថយចុះ បានធ្វើឱ្យតម្រូវការចាប់ផ្តើមរីកទៅកាន់បណ្តាប្រទេសកំពុងផលិតម្រេច នឹងធ្វើឱ្យការនាំចេញនៅគ្រាបន្ទាប់នឹងនៅតែល្អ។

បើតាមលោក វ៉ន វណ្ណាល់ បញ្ហាជំងឺកូវីដ១៩អស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានធ្វើឱ្យស្តុកម្រេចនៅលើពិភពលោកមានការធ្លាក់ចុះពី៦០ម៉ឺនតោន មកនៅសល់ប្រមាណ២០ម៉ឺនតោន ជាមូលហេតុធ្វើឱ្យមានតម្រូវការបញ្ជាទិញចូលបន្ថែមពីកម្ពុជា-ឥណ្ឌា រួមនិងប្រទេសផ្សេងទៀត។ ដូចនេះតម្លៃនៅក្នុងត្រីមាសទី២នៅមានសញ្ញាល្អជាងឆ្នាំ២០២៣។
លោកបញ្ជាក់ថា «តម្លៃម្រេចខ្មៅនៅលើពិភពលោកស្ថិតនៅចន្លោះពី៤ដុល្លារទៅ៤ដុល្លារកន្លះក្នុងមួយគីឡូក្រាម ខណៈឆ្នាំមុនម្រេចខ្មៅ អាចលក់បានថ្លៃចន្លោះពី២ដុល្លារកន្លះទៅ ៣ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូក្រាម»។
ទន្ទឹមនឹងតម្លៃម្រេចនៅលើទីផ្សារពិភពមានសញ្ញាល្អជាងឆ្នាំ២០២៣, សម្រាប់នាយកប្រតិបត្តិសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជារូបនេះថា នៅឆ្នាំនេះដំណាំម្រេចក៏ប្រឈមនឹងការខូចខាត តួយ៉ាងណាដំណាំម្រេចដែលមានលក្ខណៈធម្មតានៅកម្ពុជានៅតំបន់មួយចំនួនបាននិងកំពុងប្រឈមការដាច់ទឹកស្រោចស្រព និងជួបបញ្ហាជាមួយសត្វល្អិត ពិសេសនៅខេត្តមណ្ឌលគិរី។

លោក ងួន ឡាយ អនុប្រធានទី២នៃសមាគមលើកកម្ពស់ម្រេចកំពតបានឱ្យដឹងថាដំណំាម្រេចនៅក្នុងតំបន់ខេត្តកំពតឆ្នាំនេះ ជួបហានិភ័យខ្លាំង។ កាលនៅរដូវវស្សាមានភ្លៀងខ្លាំងធ្វើឱ្យម្រេចអត់កាន់ផ្លែ ជ្រុះផ្កាអស់ និងដើមម្រេចងាប់អស់ច្រើន លុះចូលមកដល់រដូវប្រាំងរហូតមកទល់ថ្ងៃនេះជាង៥ខែមកហើយ មិនទាន់មានភ្លៀងធ្លាក់ម្តងនៅឡើយនោះទេ ធ្វើឱ្យកសិករដាំម្រេចភាគច្រើនខ្វះប្រភពទឹកស្រោចស្រពម្រេចរបស់ខ្លួន ហើយម្រេចក៏មិនសូវមានផ្លែផងដែរ។
លោកបញ្ជាក់ថា« ជាក់ស្តែងគ្រួសារខ្ញុំ កន្លងទៅធ្លាប់ប្រមូលផលម្រេចបានរង្វង់១០តោនក្នុងមួយឆ្នាំ តែមកដល់ឆ្នាំ២០២៤នេះ ការប្រមូលផលប្រហែលមិនបានដល់២តោនម្រេចទេនៅក្នុងចំណោមម្រេច១៣ ០០០គុម្ព»។
លោកលើកឡើងថា ឆ្នាំ២០២៤នេះ សម្រាប់ខេត្តកំពតមិនមានម្រេចសម្រាប់នាំចេញច្រើនដូចឆ្នាំមុនៗនោះទេដោយសារ អាកាសធាតុប្រែប្រួលលឿនពេក តួយ៉ាងចូលមកដល់ខែមេសានេះហើយ ការប្រមូលផលម្រេចកំពតទើបប្រមូលផលបានតិចតួច នៅក្នុងចំណោមផ្ទៃដីសរុប២៤០ហិកតា៕ តាកែវ





