រយៈពេល៣ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៦.២៦ពាន់លានដុល្លារ កើនឡើងជិត២០% បើធៀបនឹងឆ្នាំ២០២៣។នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា គិតចាប់ខែមករា ដល់ខែមីនា ឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជាសម្រេចបានជាង ៦.២៦ពាន់លានដុល្លារ កើនឡើង១៨% ខណៈការនាំចូលវិញមានទំហំទឹកប្រាក់ប្រមាណ ៦.២៣ពាន់លានដុល្លារ កើនឡើង ៦.៤%។
បើតាមរបាយការណ៍ខាងលើ ទំនិញសំខាន់ៗដែលកម្ពុជា នាំចេញក្នុងរយៈពេល៣ខែនេះច្រើនជាងគេ គឺសម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំ ធ្វើពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ,ស្បែកជើង, កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។
ក្នុងនោះ ប្រទេសដែលកម្ពុជាបាននាំចេញទៅឈានមុខគេ រួមមាន សហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ថា ការកើនឡើងនៃការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសំខាន់ក្នុងរយៈពេល៣ខែនេះ ធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានប្រមាណជាង១២.៤៩ពាន់លានដុល្លារ កើនឡើងប្រមាណ១១.៩%៕