យោងតាមអនុក្រឹត្យដែលចុះហត្ថលេខា ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ បានកំណត់ថា អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ដែលបានចូលនិវត្តន៍មុនឆ្នាំ២០១៥ ត្រូវបានធ្វើសមាហរណកម្មទៅក្នុង ប្រព័ន្ធរបបសន្តិសុខសង្គមថ្មី ដោយប្រើប្រាស់មូលដ្ឋាននៃការគណនារបបសន្តិសុខសង្គមប្រចាំខែផ្អែកលើប្រព័ន្ធបៀវត្ស ដែលត្រូវបានកែសម្រួលក្រោយឆ្នាំ២០១៥ ជាគោល។

អនុក្រឹត្យ បានកំណត់ទៀតថា អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ដែលត្រូវបានធ្វើសមាហរណកម្ម ទៅក្នុងប្រព័ន្ធរបបសន្តិសុខសង្គមថ្មីខាងលើ និងអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលបានចូលនិវត្តន៍ចន្លោះពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ត្រូវបានផ្តល់របបសន្តិសុខសង្គមប្រចាំខែផ្អែកលើមូលដ្ឋាននៃការគណនាតាមតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានដែលមានជាធរមាននៅចន្លោះឆ្នាំ២០២០ ដល់ ឆ្នាំ២០២៣។ សាមីខ្លួននឹងត្រូវផ្តល់របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្ន ក្នុងករណីរបបសន្តិសុខសង្គមប្រចាំខែដែលមានកំណត់ ក្នុងវាក្យខណ្ឌខាងលើ មានកម្រិតទាបជាងរបបសន្តិសុខសង្គមប្រចាំខែដែលសាមីខ្លួនកំពុងទទួលបាន។
ជាមួយគ្នានេះ អនុក្រឹត្យដដែលក៏បានកំណត់ដែរថា របបសន្តិសុខសង្គមប្រចាំខែរបស់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ដែលមានកម្រិតទាបជាង ៨២៥ ០០០រៀល ត្រូវដំឡើងឱ្យដល់ ៨២៥ ០០០ រៀល។ ហើយរបបសន្តិសុខសង្គមប្រចាំខែសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ដែលបានកំណត់ខាងលើ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤៕

