នាពេលខាងមុខនេះ វត្តមានរោងចក្រផលិតកេសកាតុង និងផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទ ដែលវិនិយោគដោយក្រុមហ៊ុន ខូប៊ឺ ភែកឃីជីង (ខេមបូឌា) តម្លៃជាង៣លានដុល្លារអាមេរិក និងត្រូវបានបង្កើតឡើងលើទឹកដីខេត្តព្រះសីហនុ ខណៈបច្ចុប្បន្នអាជ្ញាធរខេត្តបានឯកភាពលើសំណើរគម្រោងវិនិយោគនេះរួចរាល់ហើយ។
នេះបើយោងតាមកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ (អ.គ.វ.ខ.ស.ន) ដែលដឹកនាំដោយ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ជាមួយភាគីពាក់ព័ន្ធ កាលរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើបទបង្ហាញស្តីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ នៅអនុគណៈកម្មាធិការ វិនិយោគខេត្តព្រះសីហនុ និងការពិនិត្យលើរបាយការណ៍ស្តីពីចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រ ផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទរបស់ក្រុមហ៊ុន ខូប៊ឺ ភែកឃីជីង (ខេមបូឌា) ឯ.ក។
តាមរយៈកិច្ចប្រជុំនេះ អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ក៏បានឯកភាព លើសំណើស្នើសុំវិនិយោគបង្កើតរោងចក្រ ផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទរបស់ក្រុមហ៊ុន ខូប៊ឺ ភែកឃីជីង (ខេមបូឌា) ឯ.ក និងសម្រេចចុះបញ្ជីវិនិយោគជាគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា រោងចក្រ ផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទរបស់ក្រុមហ៊ុនខាងលើ គឺមានទុនចុះបញ្ជី ១.៥០០.០០០ដុល្លាអាមេរិក និងទុនវិនិយោគ ៣.០៤០.៧៣៥,៣៥ ដុល្លាអាមេរិក ដែលនឹងបង្កើតឡើងលើទីតាំងស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕