ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលអូស្ត្រាលី ផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា រហូតជាង ១ ប៊ីលានដុល្លារអាមេរិក ដើម្បីដំណើរការលើគម្រោងអភិវឌ្ឍន៍លើវិស័យអាទិភាពនៅកម្ពុជា។នេះបើយោងតាមសេចក្តីប្រកាសស្តីពីកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៤ រវាងប្រទេសទាំងពីរ របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ដែលផ្សាយចេញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំខាងលើនេះ ធ្វើឡើងក្រោមវត្តមានលោក ប្រាក់ ងួនហុង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និងលោកស្រី មីឆេល ចាន់ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី កាលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ។
សេចក្តីប្រកាសដដែល បានបញ្ជាក់ថា ក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៤ខាងលើ ភាគីកម្ពុជា បានកោតសរសើររដ្ឋាភិបាលអូស្ត្រាលី សម្រាប់ភាពជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងសកម្ម ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
ជាក់ស្តែង ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ រដ្ឋាភិបាលអូស្ត្រាលី បានផ្ដល់ជំនួយអភិវឌ្ឍន៍ ផ្លូវការដល់កម្ពុជា ដែលមានទឹកប្រាក់ជាង ១ ប៊ីលានដុល្លារអាមេរិក គាំទ្រដល់វិស័យអាទិភាពដូចជា អប់រំ ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ យេនឌ័រ អភិបាលកិច្ច ការប្រែប្រួល អាកាសធាតុ និងការបោសសម្អាតមីន។
គួរបញ្ជាក់ថា តាមរយៈសេចក្តីប្រកាសនោះ ភាគីអូស្ត្រាលី ក៏បានគូសបញ្ជាក់ពីបំណង ចង់ឱ្យមានភាពជា ដៃគូទំនើប និងចាស់ទុំ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងគូសបញ្ជាក់ពីការរៀបចំ សេចក្តីព្រាងផែនការភាពជាដៃគូអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៨ ដែលផែនការនេះ ស្របតាម គោលនយោបាយអភិវឌ្ឍន៍អន្តរជាតិថ្មីរបស់អូស្ត្រាលី និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕