ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យ អតីតមន្ត្រីដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។
នេះបើយោងតាមសេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យ អតីតមន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ដែលផ្សាយចេញនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងសម្រេចនោះថា គណៈកម្មការអន្តរក្រសួងនេះ គឺមានសមាសភាពចំនួន២០ រូប ក្នុងនោះមាន៖ លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិកាប្រចាំការនៃក្រសួងមហាផ្ទៃ ជាប្រធាន និងមានបុគ្គលចំនួន ៨រូបទៀត តំណែងជារដ្ឋលេខាធិកាដែលមកពីក្រសួងមហាផ្ទៃ ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ច និងក្រសួងមុខងារសារធារណៈ ធ្វើជាអនុប្រធាន និងអនុប្រធានអចិន្រ្តៃយ៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា គណៈកម្មការអន្តរក្រសួងនេះ មានភារិកិច្ចត្រូវតែសហការដឹកនាំលើដំណើរការនៃការរៀបចំនិងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យអតីតមន្ត្រី រាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្តេញ ចេញពីក្របខ័ណ្ឌ។
គណៈកម្មការអន្តរក្រសួងនេះ ក៏ត្រូវ ពិនិត្យ ការរៀបចំ និងចងក្រងឯកសារគតិយុត្ត ដើម្បីកំណត់អំពីបែបបទនីតិវិធីនៃការប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យអតីតមន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកង យោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ក្នុងគោលបំណងធានាការអនុវត្តឱ្យ បានត្រឹមត្រូវនិងការពារទិន្នន័យឯកជនភាពរបស់បុគ្គល។
លើសពីនេះ គណៈកម្មាការខាងលើ ក៏មានទូនាទីសម្របសម្រួល ដោះស្រាយរាល់បាតុភាពនានា ដែលកើតឡើងក្នុងកំឡុងពេលអនុវត្តការងារ និងធ្វើរបាយការណ៍អំពីលទ្ធផលនៃការងាររៀបចំ និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យអតីត មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ជូននាយករដ្ឋមន្ត្រី ទទួលអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីនាយករដ្ឋមន្ត្រីជាដើម៕ អត្ថបទ៖ រង្សី