សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា កិច្ចការពារជាតិ គឺត្រូវតែលើកកម្ពស់ជាប្រចាំ ពោលគឺចាំបាច់ត្រូវតែមានការ បណ្តុះបណ្តាល និងហ្វឹកហ្វឺនជានិច្ច ដើម្បីពង្រឹងសន្តិសុខជាតិ និងធ្វើយ៉ាងណាឱ្យវិស័យការពារជាតិកាន់តែរីកចម្រើនទៅមុខជានិច្ច។
សម្តេចធិបតី ថ្លែងដូច្នេះ នៅក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កិច្ចការពារជាតិ ក្នុងនោះត្រូវតែមានសមត្ថភាព និងគុណភាព ពោលគឺត្រូវមានការ បណ្តុះបណ្តាល និងហ្វឹកហ្វឺនជានិច្ច ដើម្បីធ្វើយ៉ាងណាឱ្យវិស័យការពារជាតិកាន់តែរីកចម្រើនទៅមុខជានិច្ច និងធានាតុល្យភាពជាតិ។
សម្តេចនាយករដ្ឋមន្រ្តីបន្តថា៖«កិច្ចការពារជាតិនៅតែជាកាតព្វកិច្ចដ៏សំខាន់បំផុតក្នុងខឿនការពារជាតិ ដូច្នេះនាយទាហានពលទាហានទាំងអស់ ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត លើការអភិវឌ្ឍសមត្ថភាព តាមរយៈបណ្ដុះបណ្ដាល និងការហ្វឹកហ្វឺនជាប់ប្រចាំ»។
ជាថ្មីម្តងទៀត សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែតក៏បានសង្កត់ធ្ងន់ថា សាកលវិទ្យាល័យការពារជាតិ ក៏ដូចជាសាលាហ្វឹកហ្វឺននានាក្នុងវិស័យការពារជាតិ ដែលត្រូវបានសម្ពោធសមិទ្ធផលនានានាពេលនេះ គឺចាំបាច់ត្រូវតែពង្រឹងសមត្ថភាពគ្រប់ទាំងអស់ ក្នុងនោះត្រូវតែមានគុណវុឌ្ឍិសម្រាប់យោធាចារ្យ ដើម្បីពង្រីកវិសាលភាពក្នុងការបណ្តុះបណ្តាល និងធ្វើការស្រាវជ្រាវឱ្យបានស៊ីជម្រៅ ដើម្បីជំរុញវិស័យការពារជាតិឱ្យមាននិរន្តរភាព៕



