សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កិច្ចការអន្តរាគមន៍សង្គ្រោះស្រូវរបស់ប្រជាកសិករ ត្រូវបានយកចិត្តទុកដាក់ និងចាត់ជារឿងអាទិភាព ដើម្បីធ្វើសកម្មភាព និងមានចំណាត់ការប្រកបដោយប្រសិទ្ធភាព។
ថ្លែងតាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាមផ្លូវការ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល តាមរយ:ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីនៃនាយកដ្ឋានធារាសាស្រ្តកសិកម្ម និងការសហការល្អជាមួយមន្ទីរ ធនធានទឹក និងឧតុនិយមខេត្តព្រៃវែង រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ បានធ្វើអន្តរាគមន៍សង្គ្រោះស្រូវប្រាំងដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត និងប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ដើម្បីបូមទឹកនិងកាយប្រឡាយនាំទឹកទៅសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ដែលបាននិងកំពុងជួបប្រទះ នូវបញ្ហាខ្វះទឹកខ្លាំង។
ជាក់ស្តែង សម្តេចធិបតីបានបញ្ជាក់ថា៖«សកម្មភាពខាងលើនេះ បានចាប់ផ្ដើមពី ថ្ងៃទី១ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤ ដោយបានចុះជួយអន្តរាគមន៍ បូមទឹកនៅចំណុចព្រែកតាតាំ សង្កាត់កំពង់លាវ និងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ សម្តេចបន្តថា កិច្ចការងារអន្តរាគមន៍ បូមទឹកនេះដែរ ក៏បានប្រើប្រាស់នូវម៉ាស៊ីនបូមទឹកចល័តសរុបចំនួន ៦គ្រឿង បូមឆ្លាស់គ្នា យកទឹកពីព្រែកតាតាំដើម្បីបញ្ជូនទឹកទៅសង្រ្គោះផ្ទៃដីស្រូវបងប្អូនប្រជាកសិករប្រមាណ ៨០០ហិកតា ស្ថិតនៅក្នុង ភូមិចំនួន៥ គឺ ភូមិជើងទឹក(ក) ជើងទឹក(ខ) កំពង់អាទង់ ស្វាយសុខោ និងភូមិឯករាម ក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយទទួលបានជោគជ័យ១០០%»។
បន្ថែមពីនេះ សម្តេចធិបតី បានអះអាងទៀតថា បើគិតចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ការងារស្ដារប្រឡាយស្ពានលេខ២ ប្រវែង ៣០០០ម៉ែត្រ ដើម្បីទាញយកទឹកពីអាងទឹកស្នេហ៍សម្រាប់ជួយសង្រ្គោះស្រូវប្រាំងចំនួន ៤៤៧ ហិកតា ស្ថិតនៅក្នុងភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង គឺសម្រេចបាននូវលទ្ធផល ១០០%ផងដែរ។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី២ ខែមិនា ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យដឹងថា ដោយសារតែទទួលរងឥទ្ធិពលពីបាតុភូតអែលនីណូ ការព្យាករស្ថានភាពអាកាសធាតុនៅកម្ពុជា នៅរដូវប្រាំង ២០២៤ សីតុណ្ហភាពនៅទូទាំងប្រទេសនឹងឡើងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំដែលជាកត្តាធ្វើឱ្យអាកាសធាតុក្តៅហើយស្ងួត។បរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយភ្លៀងកក់ខែធ្លាក់តិចតួច ដោយតិចជាងឆ្នាំ២០២៣ ជាមួយគ្នានឹង បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលកើតឡើងច្រើន។
នៅដើមរដូវវស្សា ២០២៤ វិញ ក្រសួងថា សីតុណ្ហភាពស្មើ ឬខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយមិនសូវរាយប៉ាយ រួមជាមួយនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។
អាស្រ័យហេតុនេះ ក្រសួង ក៏សូមជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមសហការប្រើប្រាស់ទឹកដោយ សន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាជនបទដែលនៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានោះ ក្រសួងក៏សូមឱ្យយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នចំពោះអាកាសធាតុក្តៅហើយស្ងួត បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៤នេះផងដែរ៕ អត្ថបទ៖ រង្សី