យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលខែមេសា ឆ្នាំ២០២៤ នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានជាង ៧,៥% បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្ននេះ ការងារសាងសង់ដែលសម្រេចបានរួមមាន៖ សសរគ្រឹះចំនួន ២៤ដើម នៃជើងតាងទី៩ បានចាក់បេតុងរួចរាល់១០០% និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ដោយឡែកសសរគ្រឹះជើងតាងទី១០ មានចំនួនសរុប ១២ដើម ដំណើរការខួងរួចបាន៤ដើម។ ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន៕ តាកែវ



