យន្តហោះគ្រឿងទី១ របស់ Air Asia Cambodia បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដើម្បីត្រៀមហោះហើរបង្ហាញ និងហោះហើរសាកល្បង នៅថ្ងៃទី៣០ ខែមេសាខាងមុខនេះ។
តាមរយៈបណ្តាញតេលេក្រាមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២១ ខែមេសានេះថា យន្តហោះគ្រឿងទី១ របស់ Air Asia Cambodia ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ដោយបានរចនារូបប្រាសាទអង្គរវត្ត និងអក្សរ Cambodia យ៉ាងស្រស់ស្អាត ដើម្បីត្រៀមហោះហើរបង្ហាញ និងហោះហើរសាកល្បង នៅថ្ងៃទី៣០ ខែមេសាខាងមុខនេះ ដើម្បីទទួលបានវិញ្ញាបនបត្រ ប្រតិបត្ដិករហោះហើរផ្លូវការ ។ រីឯការហោះហើរក្នុងស្រុកជាផ្លូវការ នឹងរៀបចំដំណើរការនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នាដើមខែក្រោយ ។
សម្តេចធិបតី បានគូសបញ្ជាក់ថា តាមកាលវិភាគរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា កម្ពុជា នឹងធ្វើការហោះហើរទៅមករវាង ភ្នំពេញ-សៀមរាប ចំនួន ៤ជើង ក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាប ចំនួន ៤ជើងក្នុងមួយថ្ងៃផងដែរ ចំណែកឯការហោះហើរក្រៅប្រទេសនឹងចាប់ផ្តើមនាពេលខាងមុខ។
សូមជម្រាបជូនថា តាមការប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia ក្រុមហ៊ុនបានចាប់ផ្តើមបើកលក់សំបុត្រចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ មក ជាមួយនឹងជើងហោះហើរសម្ពោធចាប់ពីថ្ងៃទី០២ ឧសភា ឆ្នាំ២០២៤ តទៅ។ ចំណែកឯការហោះហើរក្រៅប្រទេសនឹងចាប់ផ្តើមនៅពេលខាងមុខនេះ៕