អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយក្លិបអ្នកកាសែតកម្ពុជា និងមូលនិធិធម្មឱសថរៀបចំកិច្ចពិភាក្សាស្តីពី «ដំណោះស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធឱវាទ»។
កិច្ចពិភាក្សានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវត្តនិគ្រោធវ័ន គល់ទទឹង ដោយមានការចូលរួមពីព្រះវាគ្មិនកិត្តិយស ព្រះមេធានុរ័ក្ខ គូ សុភាព សាស្ត្រាចារ្យសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយមានការសម្របសម្រួលពីលោក ប្រាក់ សម្ផស្ស សាស្ត្រាចារ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។កិច្ចពិភាក្សានេះ នឹងចាក់ផ្សាយទាំងស្រុង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
បើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កម្មវិធី «ដំណោះស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធឱវាទ»នេះមានគោលបំណងសំខាន់ៗចំនួន៤ គឺទី១,យល់ដឹងពីគោលការណ៍ព្រះពុទ្ធសាសនា ក្នុងកិច្ចបដិបត្តិប្រចាំថ្ងៃ ទី២, យល់ដឹងពីការអប់រំចិត្ត និងរបៀបដោះស្រាយបញ្ហា តាមគន្លងមាគ៌ាព្រះពុទ្ធសាសនា ទី៣, លើកទឹកចិត្តសាធារណជន ក្នុងការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមប្រកបដោយទំនួលខុសត្រូវខ្ពស់ និងទី៤, លើកទឹកចិត្តសាធារណជន ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ៕