សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ លោក ថងលុន ស៊ីសុលីត (Thongloun Sisoutlith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែមេសានេះ ក្នុងឱកាសដែល លោកមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ សម្ដេចតេជោ បានទទួលស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក ថងលូនស៊ីសុលីត មកកាន់កម្ពុជា។ ហើយសម្ដេចតេជោ បានចាត់ទុកថា ដំណើរទស្សនកិច្ច នេះ នឹងពង្រឹងថែមទៀតនូវទំនាក់ទំនង រវាងប្រទេស និងប្រជាជននៃប្រទេសទាំង២ ដែលជាបងប្អូន ជាអ្នកជិតខាងល្អ។
ឆ្លៀតក្នុងឱកាសនោះ សម្ដចតេជោ ក៏បានស្នើសុំឲ្យប្រធានរដ្ឋឡាវ គាំទ្រនូវគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជាផងដែរ ពីព្រោះព្រែកជីកនេះគឺមិនមានការប៉ះពាល់ដល់បរិស្ថាន ឬក៏លំហូរចរន្តទឹកអ្វីនោះទេ តែព្រែកជីកនេះ គឺជាការតភ្ជាប់រវាងទន្លេបាសាក់ដើម្បីទៅកាន់សមុទ្រកម្ពុជា។

ជាការឆ្លើយតប លោក ថងលូនស៊ីសុលី បានសម្តែងការរីករាយដែលបានបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ហើយក៏បានជួបសម្តេចតេជោ ដែលជាមិត្តភក្តិចាស់ ជាគ្រូ ហើយ សម្ដេចតេជោ គឺមានបទពិសោធច្រើន ក្នុងការដឹកនាំប្រទេសកម្ពុជា ឲ្យមានការអភិវឌ្ឍ ហើយបានកត់សម្គាល់នៃការរីកចម្រើនរបស់កម្ពុជាផងដែរ។
ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា ដែលសម្តេចតេជោស្នើសុំឲ្យប្រធានរដ្ឋឡាវ គាំទ្រ ប្រធានរដ្ឋឡាវក៏បានបង្ហាញការគាំទ្រចំពោះគម្រោងនេះផងដែរ។
ជាមួយគ្នានោះ ប្រធានរដ្ឋឡាវ ក៏បានសម្តែងក្តីសង្ឃឹមថា ក្នុងឋានៈសម្តេចតេជោ ជាប្រធានព្រឹទ្ធសភា ទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនឹងកាន់តែល្អប្រសើរថែមទៀត ក្នុងការលើកកម្ពស់កម្រិតដៃគូ ដែលប្រទេសយើងជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយគ្នានេះ និងបានរួមដំណើរក្នុងការកសាងសមត្ថភាព។

សូមជម្រាបជូនថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលត្រូវបានប្រសិទ្ធនាមថាគម្រោង «ព្រែកជីកហ្វូណនតេជោ» នឹងក្លាយជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា គ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤នេះ។នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
គម្រោង «ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕