យន្តហោះខ្នាតតូចចំនួន១៦គ្រឿង នឹងហោះមកពីប្រទេសថៃ មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដើម្បីហោះសម្តែងនៅថ្ងៃទី២៦-២៧ ខែមេសាខាងមុខ។នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបញ្ចាក់ក្រោយពីកិច្ចប្រជុំសម្របសម្រួលបច្ចេកទេសថា រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយសមាគមទេសចរណ៍ (CATA)និងសមាគមហោះហើរប្រទេសថៃ(TEAA) ក្រោមកិច្ចសម្របសម្រួលពី រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា នឹងរៀបចំកម្មវិធី ហោះហើរមិត្តភាពកម្ពុជា-ថៃ ឆ្នាំ២០២៤ “Cambodia-Thai Friendship Air Show 2024” នាថ្ងៃទី ២៦-២៧ ខែមេសា ឆ្នាំ ២០២៤ នៅទីលានតេជោ ក្រុងព្រះសីហនុ។

លោកបន្តថា នេះជាលើកដំបូងក្នុងប្រទេសកម្ពុជា ដែលយន្តហោះខ្នាតតូចចំនួន ១៦ គ្រឿង នឹងហោះមកពីប្រទេសថៃ មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុក្រោមកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដើម្បីត្រៀមធ្វើការហោះហើរសម្តែងជូនទេសចរជាតិ និងអន្តរជាតិ បានទស្សនាកម្សាន្ត ក៏ដូចជាផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានទូទៅអាចថតរូប និងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់ខេត្ត។
ជាមួយគ្នានោះ លោកអភិបាលរង បានគូសបញ្ជាក់ថា គោលបំណងនៃព្រឹត្តិការណ៍នេះ មានទិសដៅស្របគ្នានឹងគោលនយោបាយបើកចំហជើងមេឃ របស់រាជរដ្ឋាភិបាល និងមានគោលដៅលើកស្ទួយវិស័យទេសចរណ៍ និងធុរកិច្ចរវាងកម្ពុជា-ថៃ តាមរយៈការឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏ល្អរវាងប្រទេសទាំង២ផងដែរ៕















ប្រភពរូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ