សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសយល់ព្រមធ្វើជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia Football Super Stars) ដែលមានតារាចម្រៀង ខេម ជាប្រធានក្រុម ហើយនឹងដឹកនាំការប្រកួតសប្បុរសធម៌ដំបូង នៅល្ងាច ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សម្តេចតេជោ បានបង្ហោះសារលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃព្រហ្បតិ៍នេះ មានខ្លឹមសារដូច្នេះថា៖ “ដោយទទួលបាននូវការអញ្ជើញឲ្យធ្វើជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលមានអ្នកចម្រៀង ខេម ជាប្រធានក្រុម។ ព្រឹកនេះខ្ញុំបានជួបសំណេះសំណាលជាមួយគ្រូបង្វឹកនិងកីឡាករទាំងអស់ ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៌រយៈពេលខ្លី មធ្យមនិងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ”។

សម្តេចបានបន្តទៀតថា៖ “អ្វីដែលជាកិច្ចការបន្ទាន់គឺការរៀបចំ ការប្រកួតល្ងាចថ្ងៃ ១ ឧសភា២០២៤ ខាងមុខនៅពហុកីឡដ្ឋានអូឡាំពិក ក្រោមមូលបទ (រួមគ្នាដើម្បីសប្បុរសធម៌និងប្រយុទ្ធប្រឆាំងគ្រឿងញៀន) និង ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា។ ខ្ញុំនឹងចូលរួមដឹកនាំការប្រកួតជាមួយ គ្រូបង្វឹកផ្លូវការនៅស្តាតអូឡាំពិកនា ល្ងាចថ្ងៃ ១ឧសភា ២០២៤ ដោយចាប់ផ្តើមនូវទម្រង់លេងរបស់ខ្ញុំគឺ 3.4.3។ សូមចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីជំរុញចលនាមនុស្សធម៌និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សូមអំពាវនាវសប្បុរសជនចូលរួមជួយថវិកា សម្រាប់ជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា ដែលកំពុងត្រូវការសម្រាប់ ព្យាបាលដល់កុមារកម្ពុជា។ សម្រាប់ខ្ញុំនិងភរិយានឹងចូលរួមចំនួន ២០០លានរៀល។
ក្នុងករណីបងប្អូនចង់ចូលរួមតាមរយៈ ខ្ញុំសូមទាក់ទងទៅលោក សៀង ទៀង ដែលមានលេខទូរស័ព្ទ ០១២ ៩៦១៩៧១»។

ក្រុមបាល់ទាត់ តារាកម្ពុជា Cambodia football super stars ទាំងអស់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកួតមិត្តភាពស្វែងរកថវិការជួយដល់សង្គម ក្រោមក្រោមមូលបទ « រួមគ្នាដើម្បីសប្បុរសធម៍និងប្រយុទ្ធប្រឆាំងគ្រឿងញៀន »។ កុំភ្លេចចូលរួមទស្សនាការប្រកួតនេះឱ្យបានច្រើនកុះករ ដើម្បីផ្តល់ជាកម្លាំងចិត្តដល់កីឡាករទាំងអស់គ្នា៕









