រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងនៅថ្ងៃនេះ មានក្រុមហ៊ុនចំនួនបាននិងកំពុងរៀបចំរចនាសម្ព័ន្ធផលិតកម្មរបស់ខ្លួន សម្រាប់ត្រៀមបើកដំណើរការរោចក្រដំឡើងរយន្តនៅកម្ពុជាស្រពេលវិស័យមួយនេះមានទីផ្សាររីកចម្រើន។
ថ្លែងនៅក្នុង ពិធីសម្ពោធពិព័រណ៍រថយន្ត (Auto Show) លើកទី១ ឆ្នាំ២០២៤ នៅថ្ងៃទី២៧ មេសានេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថាមានក្រុមហ៊ុនចំនួន ៥ កំពុងរៀបចំរចនាសម្ព័ន្ធផលិតកម្ម ត្រៀមបើកដំណើរការរោងចក្រដំឡើងរថយន្តនៅកម្ពុជា ក្នុងនោះមានក្រុមហ៊ុន HGB Motors Assembly, ក្រុមហ៊ុន EM Automotive, ក្រុមហ៊ុន GTV Motor, ក្រុមហ៊ុន TOYOTA, និងក្រុមហ៊ុន China Matrix Technology ។
បើយោតាមលោកជំទាវរដ្ឋមន្ត្រី ការរៀបចំព្រឹត្តិការណ៍ដ៏ធំជាលើកទី១នេះឡើង ដែលនេះមិនត្រឹមតែជាវេទិការពិព័ណ៍តាំងបង្ហាញឱ្យឃើញពីការច្នៃប្រឌិត នវានុវឌ្ឍន៍ និងភាពទំនើបនៃរថយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីភាពរីកចម្រើននៃវិស័យយានយន្តលើទីផ្សារដែលកំពុងមានសម្ទុះយ៉ាងឆាប់រហ័សក្នុងព្រះរាជាណាចក្រកម្ពុជា ផងដែរ។
លោកជំទាវលើកឡើងថា ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមលើកកម្ពស់វិស័យធុរកិច្ច និងវិនិយោគនៅកម្ពុជា តាមរយៈការរៀបចំកសាងលិខិតបទដ្ឋានគតិយុត្តិឱ្យស្របតាមបរិបទបទថ្មី សំដៅជួយសម្រួលដល់វិស័យឯកជន, ការដាក់ឱ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម, ការដាក់ឱ្យដំណើរការមជ្ឍមណ្ឌលទំនាក់ទំនងរវាងសាធារណៈជន និងមន្រ្តីផ្តល់សេវា ដោយឥតគិតថ្លៃ, ព្រមទាំងការជំរុញការយកចិត្តទុកលើការពង្រឹងការការពារកម្មសិទ្ធិបញ្ញានៅកម្ពុជា សំដៅការពារ និងលើកកម្ពស់ការធ្វើធុរកិច្ចដោយស្មោះត្រង់ ប្រកបដោយភាពប្រកួតប្រជែង ផងដែរ។
លោកជំទាវលើកទឹកចិត្តដល់ធុរជន និងដៃគូរវិនិយោគ ពិចារណាក្នុងការបណ្តាក់ទុនរកស៊ីឱ្យកាន់តែទូលំទូលាយ និងការបង្កើតមូលដ្ឋានផលិតកម្មនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ជាច្រើនដែលកម្ពុជាកំពុងមាន រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ានបូក និងប្រព័ន្ធអនុគ្រោះពន្ធដែលកម្ពុជាទទួលបានពីប្រទេសអភិវឌ្ឍន៍ កិច្ចព្រមព្រៀងពាណិជ្ជសេរី និងក្របខណ្ឌនៃកិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគថ្នាក់ជាតិ ព្រមទាំងមកវិនិយោគលើការបង្កើតរោងចក្រផលិតរថយន្ត សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ពិសេសការវិនិយោគលើរថយន្តអគ្គិសនី (Electric Vehicles)៕តាកែវ