សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាគ្រូបង្វឹកកិត្តិយស ក៏ដូចជាអ្នកដឹកនាំការប្រកួតបាល់ទាត់ដើម្បីមនុស្សធម៌នេះ បានឱ្យដឹងថា តាមរយៈព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» បានទទួលថវិកាពីសប្បុរសជនទាំងអស់សរុប ជាង៥លានដុល្លារហើយ បើគិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។

តាមរយៈទំព័រហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានលើកឡើងថា អរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមជាថវិកាដែលគិតត្រឹមថ្ងៃទី១ឧសភា២០២៤នេះ មានប្រាក់រៀលចំនួន ៦០៥ 000 000រៀល និងជាប្រាក់ដុល្លារអាមេរិកចំនួន ៤ ៨៥០ ០០០ដុល្លា។ បើសរុបគិតជាប្រាក់ដុល្លារមានចំនួន ៥ ០០១ ២៥០។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖«ថវិកាទាំងនេះត្រូវបានបែងចែកសម្រាប់មន្ទីរពេទ្យកុមារអង្គរចំនួន ៥០០ ០០០ ដុល្លារ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនចំនួន ៣០០ ០០០ដុល្លា គ្រួសារយុទ្ធជនពលី ២០ គ្រួសារចំនួន ២០០ ០០០ដុល្លារ ដែលសរុបមាន ១ ០០០ ០០០ ដុល្លារ។ ក្រៅពីនោះមន្ទីរពេទ្យគន្ធបុប្ផានិងទទួលបានថវិកាចំនួន ៤ ០០១ ២៥០ដុល្លារជាបណ្តោះអាសន្ន ហើយប្រសិនជាទទួលបានបន្ថែមទៀតក៏នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ផងដែរ។លទ្ធផលចុងក្រោយរបស់យើងគឺជីវិត សុខភាពនិងស្នាមញញឹមរបស់កុមារ»។
គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» ត្រូវសម្តេចតេជោ ហ៊ុន សែន អះអាងថា នឹងផ្តល់ស្នាមញញឹមដល់កុមារកម្ពុជា និងជំរុញឱ្យបងប្អូនងាកមកលេងកីឡាជៀសវាងការប្រើប្រាស់គ្រឿងញៀន។
តាមរយៈព្រឹត្តិការណ៍នេះដែរ ក៏បានជំរុញមហាជនគ្រប់ស្រទាប់វណ្ណៈចូលរួមបរិច្ចាគជាហូរហែរ សំដៅរួមចំណែកលើកស្ទួយវិស័យកីឡា និងរឹតចំណងសាមគ្គីភាពស្របតាមពាក្យស្លោករបស់សម្តេចតេជោ ហ៊ុន សែន កីឡារស់ក្នុងសន្តិភាព ព្រមទាំងជួយជំរុញសកម្មភាពឱ្យបានផុលផុសការងារសង្គមនានាសំដៅចូលរួមអប់រំពលរដ្ឋគ្រប់រូបឱ្យចាកចេញពីគ្រឿងញៀន និងធានាបានឱកាសនៃការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំពោះថ្ងៃអនាគត៕



























