ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា លំហសេរីភាពសារព័ត៌មាន នៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ និងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ ធ្នាប់ល្អប្រសើរ។
សម្តេចធិបតី ថ្លែងដូច្នេះ តាមរយៈសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

ក្នុងសារលិខិតនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖« ខ្ញុំសូមធ្វើការកត់សម្គាល់ថា លំហសេរីភាពសារព័ត៌មាន នៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ និងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ ធ្នាប់ល្អប្រសើរ។ ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ នៅតែស្ថិតក្នុងបរិយាកាសអំណោយផល ព្រោះថា អ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរី ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន»។
សម្តេចធិបតី បន្តថា នៅលើពិភពលោក អ្នកសារព័ត៌មាន បានបំពេញតួនាទីដ៏សំខាន់ក្នុងការចូលរួមកែលម្អចំណុចខ្វះខាតនៅក្នុងសង្គម និងបាននាំយកព័ត៌មានពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ និងនាំមកវិញនូវព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហា ឱ្យទាន់ពេលវេលា និងសុខុដុមនីយកម្មក្នុងសង្គម ចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា៖« អ្នកសារ ព័ត៌មានអាជីព ដែលគោរពវិជ្ជាជីវៈ គឺប្រៀបបានជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធភាពអំពីបញ្ហាសង្គម។ ខ្ញុំសូមបងប្អូនសារព័ត៌មានបន្តចូលរួមលើកស្ទួយវិស័យព័ត៌មាន ដោយប្រតិបត្តិឱ្យបាន ខ្ជាប់ខ្ជួននូវវិជ្ជាជីវៈសារព័ត៌មាន និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងលុបបំបាត់ ព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ បង្កឱ្យកើតមានអរិភាព និងការបែកបាក់សាមគ្គីភាពជាតិ។ ខ្ញុំសូមគាំទ្រចំពោះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោម ប្រធានបទ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ។
គួរបញ្ជាក់ដែរថា ការប្រារព្ធ «ទិវាសេរីភាពសារព័ត៌មានពិភពលោក» លើកទី៣១ ឆ្នាំ២០២៤ នេះ ប្រព្រឹត្តទៅក្រោម ប្រធានបទ «សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃវិបត្តិបរិស្ថាន» ដែលបង្ហាញ ពីសារៈសំខាន់នៃតួនាទីសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ក្នុងបរិបទនៃវិបត្តិបរិស្ថានសកល នាពេលបច្ចុប្បន្ន។ ការប្រារព្ធទិវាសេរីភាពសារព័ត៌មាននេះឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សិទ្ធិ សេរីភាពសារព័ត៌មាន និងសេរីភាព នៃការបញ្ចេញមតិ លើកកម្ពស់ឯករាជភាពនៃប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានពហុនិយម និងការការពារនិងផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មានដែលបំពេញវិជ្ជាជីវៈត្រឹមត្រូវ ស្របតាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ៕ អត្ថបទ៖ រង្សី
