ថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគថវិកាសរុបចំនួន ៨៣ម៉ឺនដុល្លារអាមេរិក ជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាស ខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤នេះ។ ក្នុងនោះ ថវិកាចំនួន ៧០ម៉ឺនដុល្លារ ត្រូវបានបរិច្ចាគដោយផ្ទាល់ជូនកាកបាទក្រហមកម្ពុជា ១០ម៉ឺនដុល្លារទៀត តាមរយៈសមាគមឧកញ៉ាកម្ពុជា និង ៣ម៉ឺនដុល្លារទៀតតាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ថវិកា ដែល ជីប ម៉ុង បានចូលរួមបរិច្ចាគជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤នេះ ក៏ដូចជាឆ្នាំកន្លងមក គឺដើម្បីរួមចំណែកទ្រទ្រង់ ឱ្យសមាគមជាតិមួយនេះ មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតតាមគោលការណ៍ គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
គួររំឮកដែរថា ក្រុមហ៊ុន ជីប ម៉ុង គឺជាក្រុមហ៊ុនពហុវិស័យក្នុងស្រុក ដែលតែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងការងារ មនុស្សធម៌ និងសប្បុរសធម៌ទូទាំងប្រទេសកម្ពុជាជារៀងរហូតមក។ រយៈពេល ៤ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៤ នេះ ថ្នាក់ដឹកនាំកំពូល ក្រុមហ៊ុន ជីប ម៉ុង បានចូលរួមថវិកាសប្បុរសធម៌ ជាមួយកាកបាទក្រហមកម្ពុជា សរុបចំនួន៣លាន ២៣ម៉ឺនដុល្លារអាមេរិក។
ក្នុងនោះរួមមាន៖កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគថវិកា ១លានដុល្លារសហរដ្ឋអាមេរិក ជូនកាកបាទក្រហមកម្ពុជា សម្រាប់សាងសង់លំនៅឋានជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព។ថ្ងៃទី២៨ មីនា ២០២២ ក្រុមហ៊ុន ជីប ម៉ុង បាននាំយកអំណោយសប្បុរសធម៌ជាថវិកាចំនួន ៧០ ម៉ឺនដុល្លារអាមេរិក ប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២។
ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភថវិកា ចំនួន ៧០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុង ឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ។ហើយក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគថវិកាចំនួន ៨៣ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាស ខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ៕