លោក ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ តម្លៃ១៧០០លានដុល្លារ ជាការវិនិយោគរវាងរដ្ឋនិងឯកជន មិនមែនកម្ពុជាខ្ចីលុយគេមកសាងសង់ទេ

សង្គម​ និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា
គម្រោងព្រែកជីនហ្វូណនតេជោជាគម្រោងរវាងរដ្ឋនិងផ្នែកឯកជន មិនមែនគម្រោងរាជរដ្ឋាភិបាលកម្ពុជាទៅខ្ចីថវិកាជាប្រាក់កម្ចី ១៧០០លានដុល្លារ មកសាងសង់លើគម្រោងនេះនោះទេ។លោកថ្លែងបែបនេះ នៅក្នុងវេទិការសារព័ត៌មានពិសេសមួយនៅទីស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកទី៣ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងវេទិការនោះ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា ការសិក្សាគម្រោងព្រែកជីកហ្វូណនតេជោជាការសិក្សារួមគ្នារវាងក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិប្រមាណ ៤២ នាក់ ហើយ ប្រើឧបករណ៍សិក្សាពីលើអាកាស។ហើយគម្រោងព្រែកជីកដែលមានប្រវែងប្រមាណ ១៨០ គីឡូម៉ែត្រ មិនមែនអភិវឌ្ឍន៍លើដីថ្មីទាំងស្រុងនោះទេ ពោលគឺអភិវឌ្ឍន៍តាមគំរូព្រែកចាស់ដែលត្រូវបានប្រើប្រាស់តាំងពី២ ០០០ ឆ្នាំមកម្ល៉េះ។ ដូចនេះ ការអភិវឌ្ឍន៍គម្រោង គ្រាន់តែពង្រីកទំហំទទឹង និងជីកឱ្យជ្រៅជាងមុន ដែលអាចធ្វើឱ្យនាវាចំណុះ ៣ ពាន់តោនអាចធ្វើចរាចរណ៍បានតែប៉ុណ្ណោះ។

លោកបានគូសបញ្ចាក់ថា «គម្រោងព្រែកជីកហ្វូណនតេជោ គឺជាម្រោងរវាងរដ្ឋនិងផ្នែកឯកជន មិនមែនគម្រោងរាជរដ្ឋាភិបាលកម្ពុជាទៅខ្ចីថវិកាជាប្រាក់កម្ចី ១៧០០លានមកសាងសង់គម្រោងនេះទេ គម្រោងនេះរាជរដ្ឋាភិបាលកម្ពុជាមិនខ្ចីថវិកាពីប្រទេសណាទាំងអស់ ដើម្បីមកកសាងគម្រោងនេះទេ ផ្នែកឯកជនដែលទទួលបានកិច្ចព្រមព្រៀងសម្បទានឬកិច្ចព្រមព្រៀងជាភាពដៃគូនិងផ្នែកឯកជនគាត់ទៅខ្ចីលុយខ្លួនឯង។ ហើយកម្ពុជាក៏មិនធានាទៅដល់ក្រុមហ៊ុននោះដែរ»។

លោកបន្តថា «កម្ពុជាគឺចូលរួមដោះស្រាយផលប៉ះពាល់មួយចំនួន កិច្ចការមួយចំនួនជាកិច្ចការរបស់រដ្ឋយើង។កម្ពុជាមិនជំពាក់គេវ័ណក ហើយកម្ពុជាក៏មិនខ្ចីលុយគេចាយខ្ជះខ្ជាយដែរ កម្ពុជាបើត្រូវការខ្ចីលុយ គឺខ្ចីមកកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ឬប្រព័ន្ធផ្សេងៗទៀតដើម្បីឱ្យសេដ្ឋកិច្ចខ្មែរមានការរីកចម្រើន ។ហើយបើគម្រោងព្រែកជីនហ្វូណនដែលគេធ្វើហើយមិនចំណេញ ក៏គេមិនធ្វើលើគម្រោងនេះដែរ»។

សូមជម្រាបជូនថា គម្រោង «ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។

គម្រោងនេះនឹងក្លាយជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា ហើយគ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ ឬយ៉ាងយូរឆ្នាំ២០២៥៕