សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវឲ្យអ្នក​សារព័ត៌មាន បន្តចូលរួមប្រយុទ្ធប្រឆាំងនិងលុបបំបាត់​ព័ត៌មានក្លែងក្លាយ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ អ្នកសារព័ត៌មានបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម អាចធ្វើឱ្យប្រទេសជាតិ អស្ថិរភាព ចលាចល និងបាត់បង់សណ្តាប់ធ្នាប់សង្គម ។​ ការអំពាវនាវរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ នាល្ងាចថ្ងៃទី៣ ខែឧសភានេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្នុងរយៈពេល៨ខែ នៅក្នុងអាណត្តិទី ៧នេះ អ្នកសារព័ត៌មានបានរួមចំណែកនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាបាន ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល។

សម្តេចធិបតី ក៏បានអំពាវនាវឲ្យអ្នកសារព័ត៌មាន បន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ ផ្តល់ព័ត៌មានពិតដល់សាធារណជនជាតិ និងអន្តរជាតិ ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ មានតុល្យភាព គ្រប់ជ្រុងជ្រោយ។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានស្នើសុំគោលការណ៍សម្តេចធិបតី នាយករដ្ឋមន្ត្រី  រៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរបស់កម្ពុជា ដែលជាឯកសារគោលក្នុងការកំណត់និយាមនីតិប្រតិបត្តិស្តង់ដាស្តីពីក្រមសីលធម៌អ្នកសារព័ត៌មាន រៀបចំគោលការណ៍ណែនាំក្រមសីលធម៌ស្តីពីការផលិតមាតិកា និងផ្សព្វផ្សាយរបស់អ្នកកាសែតពលរដ្ឋ និងអ្នកផលិតមាតិកាក្នុងបណ្តាញសង្គម និងក្រុម MMO ដើម្បីពង្រឹងគុណភាពព័ត៌មាននិងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ។

គួរបញ្ជាក់ថា ជំនួបរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន ជាលើកដំបូង ត្រូវាបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ។សម្រាប់ជំនួបរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន នៅថ្ងៃទី៣ ខែឧសភា នេះ ជាជំនួបលើកទី៦ បន្ទាប់ពីមានការអាក់ខានរៀបចំចំនួន ២ លើក អំឡុងការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩។