ក្រោយបើកឲ្យភ្ញៀវចូលលេង ៤ ថ្ងៃនាឱកាសបុណ្យអុំទូក ពលរដ្ឋជាច្រើនបានសម្រុកចូលទៅកម្សាន្តនៅភូមិវប្បធម៌ឡើងកកកុញ។
ដំណើរការជាង ១៧ ឆ្នាំ ហើយជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ក្រុមហ៊ុនភូមិវប្បធម៌បានប្រកាសបិទទ្វារ ហើយថ្ងៃឈប់សម្រាកអុំទូក ជាឱកាសចុងក្រោយដែលក្រុមហ៊ុនអនុញ្ញាតិឲ្យពលរដ្ឋបានចូលទស្សនា មុនបិទអាជីវកម្មទាំងស្រុងតែម្តង។








ភូមិវប្បធម៌បានបង្កើតឡើងនៅឆ្នាំ២០០៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទីរួមខេត្តសៀមរាប។ រមណីយដ្ឋាននេះបានកែច្នៃសំណង់ផ្ទះបុរាណ សំណង់និមិត្តរូបនៃតំបន់ប្រវត្តិខ្មែរ ដូចជា ព្រះបរមរាជវំាង ភ្នំព្រះរាជទ្រព្យជាដើម។ ក៏មានការសូន្យរូបចម្លាក់ពីក្រមួន ជារូបអតីតព្រះមហាក្សត្រខ្មែរ រូបអតីតសិល្បករ កវីនិពន្ធ និងបុគ្គលល្បីៗផ្សេងទៀតបង្ហាញដល់អ្នកទេសចរ បានស្គាល់។ ជាមួយគ្នានេះ ភូមិវប្បធម៌បានបង្កើតឲ្យមានការសម្តែងសិល្បបុរាណសម័យ បម្រើដល់អារម្មណ៍អ្នកចូលទស្សនាទៀតផង។