គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ ដែលមានប្រវែងសរុប១៧៦១ម៉ែត្រ សម្រេចបានប្រមាណ ៤៩,១៨% ហើយ ដោយគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤ នេះ។នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។
ក្រសួងសាធារណការ បានឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដែលមានប្រវែង១ ៧៦១ ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ជាមួយនឹងផ្លូវតភ្ជាប់ និងផ្លូវខ្នែង ទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៣៦,២៤% ខណៈដែលស្ពាន «ឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ» សម្រេចបាន ៤៩,១៨% ហើយ ដោយគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤ នេះ។
ក្រសួងបន្តថា ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ បានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ហើយគម្រោងទាំងមូលគ្រោងនឹងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនេះ គឺមានប្រវែង១៧៦១ម៉ែត្រ ត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់មិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ហើយស្ពាននេះមានមុខកាត់ទទឹង ១៣,៥ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមក ប្រវែង ៣,៥ម៉ែត្រ គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅមក ប្រវែង ១,៧៥ម៉ែត្រ ផ្លូវថ្មើរជើងចំនួន ២គន្លងទៅមក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង ប្រវែង០,៥ម៉ែត្រ។ស្ពាននេះសាងសង់ក្នុងតម្លៃសរុប ១១១,៩៨លានដុល្លារអាមេរិក៕