មន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម ជំរុញសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ផលិតឲ្យមានគុណភាព ស្តង់ដា ដើម្បីអាចដាក់លក់ក្នុងផ្សារទំនើប ម៉ាត និងប្រើប្រាស់កាន់តែទូលំទូលាយទូទាំងប្រទេស

សង្គម​ និង​សេដ្ឋកិច្ច

មន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្ត ក៏ដូចជាជំរុញដល់សហគ្រាស ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ផលិតឱ្យមានគុណភាព ស្តង់ដា ដើម្បីមានលទ្ធភាពដាក់លក់ក្នុងផ្សារទំនើប ម៉ាត និងប្រើប្រាស់កាន់តែទូលំទូលាយទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកទឹកចិត្តបែបនេះរបស់មន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពី“ការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើប និងម៉ាតនានា” ដែលដឹកនាំដោយលោកស្រី តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ។

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កិច្ចប្រជុំជំហានបន្តស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើប និងម៉ាតនានា” ធ្វើឡើងក្នុងគោលបំណងជំរុញ ពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញអំពីស្តង់ដាគុណភាព និងលក្ខខណ្ឌនានា ស្របតាមតម្រូវការរបស់ផ្សារទំនើប និងម៉ាតនៅកម្ពុជា។ក្នុងនោះ ក៏មានតំណាងសហគ្រាស និងក្រុមហ៊ុនស្វាយចន្ទីកម្ពុជា នាំយកផលិតផលគំរូរបស់ក្រុមហ៊ុននីមួយៗ ដើម្បីធ្វើការពិនិត្យដោយផ្ទាល់ទៅលើ សោភ័ណភាព ការវេចខ្ចប់ គុណភាព ស្តង់ដា និងតម្លៃនៃផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃរួចផងដែរ។

លោកស្រី តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើការពិនិត្យ និងវាយតម្លៃ ទៅលើការវេចខ្ចប់នៃផលិតផលគ្រាប់ស្វាយចន្ទី ដោយមានការចូលរួមពីមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម បានផ្តល់ជាយោបល់ ដើម្បីអភិវឌ្ឍន៍ផលិតផលគ្រាប់ស្វាយចន្ទី ឲ្យស្របតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងបន្តលើកទឹកចិត្តក៏ដូចជាជំរុញដល់សហគ្រាស និងក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ក្នុងការផលិតឱ្យមានគុណភាព និងមានស្តង់ដា ដើម្បីមានលទ្ធភាពដាក់លក់និងប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំងប្រទេស។

ជាមួយគ្នានេះ រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ក៏បានណែនាំដល់សហគ្រាស និងក្រុមហ៊ុនទាំងអស់ ឱ្យត្រៀមខ្លួនក្នុងការជួបពិភាក្សាជាមួយផ្សារទំនើប និងម៉ាត នៅក្នុងកិច្ចប្រជុំជំហានបន្ទាប់ផងដែរ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទីទាំងធុនតូច និងមធ្យម៤៨ប៉ុណ្ណោះ ខណៈកម្ពុជាត្រូវការខ្នាតមធ្យមជិត៣០ទៀត ដើម្បីស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទីរយៈពេល៥ឆ្នាំ ២០២២-២០២៧៕