លោក ស៊ុន ចាន់ថុល ជឿថា ក្រុមហ៊ុន Minebeaរបស់ជប៉ុន នឹងបន្តបង្កើតការងារដល់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានកម្ពុជាថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញនូវជំនឿចិត្តថា MinebeaMitsumi នឹងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកលូតលាស់ស្រស់បំព្រង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហាញជំនឿចិត្តរបស់លោកឧបនាយករដ្ឋមន្រ្តីនៅក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបពិភាក្សាការងារជាមួយលោក Yoshihisa Kainuma ប្រធានក្រុមហ៊ុន ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនឱ្យកាន់តែយល់ចិត្តគ្នាទៅវិញទៅមកបន្ថែមមួយកម្រិតទៀត កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងជំនួបនោះ លោក ស៊ុន ចាន់ថុល អំណរគុណជូនចំពោះ Minebea ដែលបានផ្តល់នូវសេចក្តីទុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគក្នុងទំហំដ៏ច្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីក៏បានចូលរួមសម្តែងនូវសេចក្តីសាទរយ៉ាងក្លៀវក្លាជូនភាគីក្រុមហ៊ុនសម្រាប់ភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា ហើយសមិទ្ធកម្មនៃភាពជោគជ័យខាងលើស្តែងចេញតាមរយៈការបន្តពង្រីកគម្រោងវិនិយោគរបស់ខ្លួនឱ្យមានកំណើនជាលំដាប់។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រីក៏បានបង្ហាញនូវជំនឿចិត្តថា ក្រុមហ៊ុនMinebeaMitsumi នឹងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកលូតលាស់ស្រស់បំព្រង។

គួរជម្រាបជូនផងដែរថា ស្របពេលនៃជំនួបពិភាក្សាខាងលើ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាប់ថុល ក៏បានចូលរួមជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលដីឧស្សាហកម្មរយៈពេលវែងរបស់ក្រុមហ៊ុន MinebeaMitsumi ផងដែរ។

សូមជម្រាបជូនថា ក្រុមហ៊ុន Minebea ទទួលបានលទ្ធផលល្អក្នុងដំណើរការអាជីវកម្មរបស់ខ្លួនតាំងពីសម្រេចដាក់ទុនវិនិយោគដំបូងនៅកម្ពុជាកំឡុងខែមករា ឆ្នាំ២០១១ និងបានពង្រីកខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួនជាបន្តបន្ទាប់។

ក្រុមហ៊ុន Minebea Cambodia បច្ចុប្បន្នកំពុងផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋជិត៧០០០នាក់ ដោយក្រុមហ៊ុននេះវិនិយោគលើមុខសញ្ញាផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែកម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទ ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ។

ក្រុមហ៊ុន Minebea Cambodia Co. Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Minebea Mitsumi ក្រុមហ៊ុននេះបានបន្តពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១១។គិតត្រឹមឆ្នាំ ២០២២ ក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន ៦ ៦៣០ នាក់ អង្គភាពអាជីវកម្មចំនួន ១៤ និងទុនវិនិយោគចំនួន ៦១៤ លានដុល្លារអាមេរិក កើនឡើងពីការវិនិយោគដំបូងត្រឹមតែ ២៣ លានដុល្លារក្នុងឆ្នាំ២០១១។គិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន ផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ៦៩១១នាក់៕