អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យអាទិភាពចំនួន៧ រួមមាន៖ វិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍។នេះបើយោងតាមប្រសាសន៍របស់លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួប លោកឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement – CEPA) ដែលជាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាង អេមីរ៉ាតអារ៉ាប់រួម-កម្ពុជា ឱ្យតែរឹងមាំ។
បន្ថែមលើនេះ លោកក៏បានបញ្ជាក់ថា ក្នុងបេសកកម្មការទូតរបស់លោកនៅកម្ពុជា លោកនឹងខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើន រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍ឱ្យកាន់តែខ្លាំងថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះបំណងចង់ពង្រីកការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលស្អាត ទេសចរណ៍ កសិកម្ម បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ ព្រោះគឺជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ក្នុងវិស័យថាមពលស្អាត សម្តេចធិបតីថា បច្ចុប្បន្ន កម្ពុជា បានសម្រេចនូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០។
ទន្ទឹមនោះ សម្ដេចធិបតីថា ចំពោះវិស័យទេសចរណ៍វិញ រដ្ឋាភិបាលក៏បានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់វិស័យទេសចរណ៍ ហើយតាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្តេចធិបតី ជឿថា ចំនួនភ្ញៀវទេសចរនឹងកាន់តែកើនឡើងបន្ថែមទៀត។
ជាថ្មីម្តងទៀត ឆ្លៀតឱកាសនោះដែរ សម្តេចធិបតី ក៏បានលើកទឹកចិត្តឯកអគ្គរាជទូត បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នកម្ពុជា ជាពិសេសបន្តជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវិស័យសក្ដានុពលផ្សេងៗទៀតផងដែរ៕ អត្ថបទ៖ រង្សី