៣ខែដើមឆ្នាំ២០២៤៖ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង សម្រេចបានជិត ២០០លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះ ទំនាក់ទំនងការទូត បានប្រមាណ២៧ឆ្នាំមកហើយ  ខណៈតាមរយៈទំនាក់ទំនងល្អប្រសើរនេះ ប្រទេសទាំងពីរក៏បានពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាក្នុងកំណើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែង បើគិតត្រឹមរយៈពេល៣ខែដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង សម្រេចបានជិត ២០០លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៣ មានទំហំថវិកាសរុបប្រមាណ ៧៥១លានដុល្លារ។ ជាងនេះទៀត បើគិតត្រឹមរយៈពេល៣ខែឆ្នាំ២០២៤ សម្រេចបានជិត ២០០លានដុល្លារអាមេរិក។

របាយការណ៍ដដែល​បានបន្តថា ទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកូរ៉េក្នុងឆ្នាំ២០២៣ រួមមាន ម៉ាស៊ីន និងឧបករណ៍​អគ្គិ​សនី ស្បែកជើង សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ អាលុយមីញ៉ូម ម៉ាស៊ីន និងបរិធាន​មេកា​និក វត្ថុធ្វើអំពីស្បែក ប្រដាប់ប្រដាក្មេងលេង វត្ថុចាំបាច់សម្រាប់កីឡា ផលិតផលឱសថ ប្លា​ស្ទិក ក្រដាសនិងក្រដាសកាតុង កៅស៊ូ ផ្លែឈើ និងគ្រាប់ផ្លែឈើដែលអាចបរិភោគបាន ជាដើម។

ចំណែកឯ ទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីកូរ៉េ ក្នុងឆ្នាំ២០២៣ រួមមាន យានជំនិះ ម៉ាស៊ីន ឧប​ករណ៍​អគ្គិសនី ភេសជ្ជៈ ស្រា និងទឹកខ្មេះ ស្បែកឆៅ (ក្រៅពីស្បែកជាប់រោម) ស្បែកសម្លាប់ ប្លាស្ទិក ផលិតផលឱសថ វត្ថុវាយនភណ្ឌកែច្នៃរួចផ្សេងទៀត កៅស៊ូ ម៉ាស៊ីន និងបរិធាន​មេកានិកជាដើម។

កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ កម្ពុជា និងកូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីជាមួយគ្នា។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ជំរុញឱ្យការធ្វើពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរមានទំហំកាន់តែធំឡើង។

ដោយឡែកការវិនិយោគវិញ ­ចាប់ពីឆ្នាំ១៩៩៤ ដល់ដើមឆ្នាំ២០២៤នេះ ទុនវិនិយោគមកពី​កូរ៉េខាងត្បូង មានទំហំជាង ៥ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ដែរថា ក្នុងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងគណៈប្រតិភូកម្ពុជា បានចេញទៅបំពេញទស្សនកិច្ចផ្លូវការនៅ​ប្រទេស​កូរ៉េ​ខាងត្បូងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ធ្វើឡើងតបតាមការអញ្ជើញរបស់លោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង ហើយដើម្បីពង្រឹង​ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការវិនិយោគ និងពាណិជ្ជកម្ម​រវាងកម្ពុជា និងកូរ៉េខាងត្បូងផងដែរ៕ អត្ថបទ៖ រង្សី