រយៈពេល៤ខែ(មករា ដល់មេសា) ឆ្នាំ២០២៤នេះ កម្ពុជាប្រមូលចំណូលបានប្រមាណជាង ១២៥លានដុល្លារពីការនាំចេញកៅស៊ូ។នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ។
របាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ បានឲ្យដឹងថា គិតត្រឹមខែមេសា ឆ្នាំ២០២៤ ចំណូលពីការនាំចេញជ័រកៅស៊ូ មានចំនួន១២៥ ១៥៦ ៨៣៦ដុល្លារ រីឯការនាំចេញឈើកៅស៊ូ មានចំនួន៦១៧ ១១៤ដុល្លារ។
បើតាមរបាយការណ៍ដដែលបានបន្តថា គិតត្រឹមខែមេសា ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៥៣២ដុល្លារ ក្នុង១តោន កើនឡើងចំនួន២ដុល្លារ ក្នុង១តោន ស្មើនឹង១.១៣% ធៀបនឹងខែមុន និងបានកើនឡើងចំនួន៩៤ដុល្លារ ក្នុងមួយតោន ស្មើនឹង៧% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។រីឯតម្លៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែមេសា ឆ្នាំ២០២៤ មានតម្លៃ១២៦ដុល្លារ ក្នុងមួយម៉ែត្រគីប។
បើតាមម្ចាស់ចំការកៅស៊ូម្នាក់នៅខេត្តត្បូងឃ្មុំ បានឲ្យដឹងថាបច្ចុប្បន្នគុណភាពជ័រកៅស៊ូហាក់មានការធ្លាក់ចុះបន្តិច តែអ្វីដែលសំខាន់ និងសប្បាយចិត្តបំផុតសម្រាប់លោកក៏ដូចជាកសិករដទៃគឺលក់បានលុយច្រើន ព្រោះតម្លៃខ្ពស់ជាងឆ្នាំមុន ដោយសារការប្រមូលផលបានច្រើនមែនទែន។
លោកបន្តថា ទន្ទឹមនឹងការប្រមូលផលបានច្រើននេះ គឺដោយសារភ្លៀងចាប់ផ្តើមធ្លាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី៤ ទី៥ខែឧសភាមក ធ្វើឲ្យគុណភាពរៀងធ្លាក់បន្តិចតែការលក់គឺបានលុយច្រើន និងតម្លៃថ្លៃបើធៀបនឹងឆ្នាំមុន ពោលមានតម្លៃជាង៣០០០រៀល ក្នុងមួយគីឡូក្រាម ទៅតាមប្រភេទជ័រកៅស៊ូ។
សូមជម្រាបជូនថា កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៩% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១%៕