សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ងើសារថ្លែងអំណរគុណទៅកាន់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅកូរ៉េខាងត្បូង ដែលបានមកទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូកម្ពុជា ជាច្រើនកុះករ ហើយពោពេញដោយក្តីរំភើប និងស្នាមញញឹម។

យោងតាមបណ្តាណសង្គមតេលេក្រាមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា៖« នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃពុធ ទី១៥ ឧសភា ២០២៤នេះ សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ ដែលបានមកទទួលស្វាគមន៍ដល់សណ្ឋាគារ ប្រកបដោយស្នាមញញឹម និងភាពស្និទស្នាល»។
សូមជម្រាបដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងគណៈប្រតិភូកម្ពុជា បានចេញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤។

បើតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ធ្វើឡើងតបតាមការអញ្ជើញរបស់លោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង និងដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង។
ក្នុងទស្សនកិច្ចជាលើកដំបូងលើទឹកដីកូរ៉េខាងត្បូងក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតី យូន សកយ៉ល។ ក្នុងជំនួបនេះ នឹងពិភាក្សាស៊ីជម្រៅលើភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការ ពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ឱ្យឈានទៅកម្រិតថ្មី។ ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ហាន់ ដុកស៊ូ (Han Duck-soo) និងប្រធានរដ្ឋសភា លោក គីម ជីនណូ (Kim Jin-pyo)។
ជាងនេះទៀត សម្តេចធិបតី ក៏នឹងអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ និងជួបជាមួយក្រុមហ៊ុនកូរ៉េសំខាន់ៗមួយចំនួន។ ឆ្លៀតក្នុងដំណើរទស្សនកិច្ចនេះផងដែរ សម្តេចធិបតី ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរកំពុងរស់នៅសិក្សារៀនសូត្រ និងធ្វើការនៅកូរ៉េខាងត្បូងថែមទៀត៕ អត្ថបទ៖ រង្សី


