នៅឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងស្ថិតក្នុងអត្រា ៦,៣% និងសម្រាប់ឆ្នាំ២០២៦-២០២៧ ស្ថិតក្នុងអត្រាជាមធ្យម ៦,៦%។នេះបើតាមផែនការយុទ្ធសាស្រ្តថវិកា២០២៥-២០២៧ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។
ប្រភពខាងលើបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថាស្ថិតក្នុងអត្រា ៦,៣% ក្នុងឆ្នាំ ២០២៥ និងជាមធ្យម ៦,៦% សម្រាប់ឆ្នាំ ២០២៦-២០២៧ ដែលក្នុងនោះ វិស័យឧស្សាហកម្ម ត្រូវបានព្យាករថាមានកំណើនល្អប្រសើរក្នុងអត្រា ៨.៦% ក្នុងឆ្នាំ ២០២៥ និងក្នុងរង្វង់អត្រា ៩,០% សម្រាប់រយៈពេលមធ្យម ២០២៦-២០២៧ ដែលគាំទ្រដោយអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាបជាងនិន្នាការធម្មតា (មុនវិបត្តិជំងឺកូវីដ-១៩)។
ចំណែកឯវិស័យសេវាកម្ម ត្រូវបានព្យាករថានឹងមានកំណើនក្នុងអត្រាប្រមាណ ៥,៦% ក្នុងឆ្នាំ ២០២៥ និង ប្រមាណ ៥,៧% សម្រាប់រយៈពេល មធ្យម ២០២៦-២០២៧ ដោយសារការបន្តរក្សាបានចលនការនៃអនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូប អាហារនិងសេវាកម្មទេសចរណ៍គាំទ្រផ្សេងទៀត ខណៈដែលអនុវិស័យអចលនទ្រព្យនៅបន្តមានកំណើនទាប។
ចំពោះវិស័យកសិកម្ម ត្រូវបានព្យាករថានឹងមានកំណើន ១,១% ក្នុងឆ្នាំ ២០២៥ និង ១,៣% សម្រាប់ ២០២៦-២០២៧ ដោយសារការរំពឹងទុកនូវកំណើនល្អប្រសើរនៃអនុវិស័យដំណាំនិងចិញ្ចឹមសត្វ និងការងើប សន្សឹមៗនៃ អនុវិស័យនេសាទ។
បើតាមប្រភពដដែលបានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា ដែលមានទំហំតូចហើយបើកចំហរ និងមានការផ្សារភ្ជាប់កាន់តែខ្លាំងជាមួយ នឹងច្រវាក់ផលិតកម្មក្នុងតំបន់ និងពិភពលោក សម្រាប់រយៈពេលមធ្យមខាងមុខ ពិសេសសម្រាប់ឆ្នាំ ២០២៥ បាននិងកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាដែលបណ្តាលមកពីកត្តាខាងក្រៅរួមមាន កំណើនថមថយនៃសេដ្ឋកិច្ចសកល និងចិន, ការបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុសកល, ភាពតានតឹងនៃកត្តាភូមិសាស្ត្រសេដ្ឋកិច្ច ដែលអាចបន្ទច់បង្អាក់ដល់ច្រវាក់ផ្គត់ផ្គង់សកល និងនាំទៅដល់ ការកើននៃថ្លៃទំនិញជាអន្តរជាតិ, ការបែកខ្ញែកភូមិសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងផលប៉ះពាល់ កាន់តែធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ។
ទន្ទឹមនេះដែរ កម្ពុជាក៏នៅតែបន្តប្រឈមនឹងបញ្ហាជារចនាសម្ព័ន្ធមួយចំនួននៅក្នុងប្រទេសរួមមានល្បឿនយឺតនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច, ថ្លៃដើមធ្វើធុរកិច្ចនៅមានកម្រិតខ្ពស់, ភាពមានកម្រិតនៃកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងបរិយាកាសធុរកិច្ច, បរិមាណនិងគុណភាពនៃកម្លាំងពលកម្មជំនាញមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារ, ភាពមានកម្រិតនៃប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម, និងភាពមានកម្រិតនៃចំណេះដឹង និងជំនាញក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល។
ស្ថិតនៅក្នុងបរិការណ៍នេះ កិច្ចការកែទម្រង់ជារចនាសម្ព័ន្ធ និងការរៀបចំយន្តការអនុវត្តឱ្យបានច្បាស់លាស់ជាអាទិភាពដ៏ចាំបាច់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែមានសន្ទុះកាន់តែខ្លាំងក្លា និងដើម្បីបញ្ចៀសនូវផលប៉ះពាល់នៃហានិភ័យនានាទាំងកម្រិតសកលនិងតំបន់។រាជរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញការកែទម្រង់ជារចនាសម្ព័ន្ធ និងជាប្រព័ន្ធ ព្រមទាំងពង្រឹង ការកសាងភាពធន់នៃសេដ្ឋកិច្ច និងសង្គមឱ្យកាន់តែរឹងមាំ និងមានភាពឆ្លើយតបខ្ពស់ ដោយផ្តោតលើអាទិភាពចំនួន ៦ ដូចមានចែងក្នុង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១»៕