សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការពន្លឿនឱ្យរដ្ឋាភិបាលអាណាត្តិទី៧នេះ បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ខណៈសម្តេចតេជោ ក៏បានបញ្ជាក់សារជាថ្មីថា ការជីកព្រែកហ្វូណនតេជោ ជាគំនិតផ្ដួចផ្ដើមរបស់កម្ពុជាសុទ្ធសាធ មិនស្ថិតក្រោមគំនិតផ្ដួចផ្ដើមរបស់ប្រទេសចិននោះទេ។

សម្ដេចតេជោ បញ្ជាក់ដូច្នេះ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ស្តីពី “ព្រែកជីកហ្វូណនតេជោ” កាលព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នាក្រុងតាខ្មៅ។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការលើកឡើងរបស់អ្នកកាសែតបរទេស និងអ្នកវិភាគមួយចំនួន ដែលមិនមានមូលដ្ឋានពីគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា គឺស្ថិតក្រោមគំនិតផ្ដួចផ្ដើចខ្សែក្រវាត់ និងផ្លូវរបស់ចិន ថាជារឿងឆោតល្ងង់សុទ្ធសាធ។

ជាថ្មីម្តងទៀត សម្ដេចតេជោអះអាងថា ការជីកព្រែកហ្វូណនតេជោ គឺដើម្បីឯករាជ្យខាងនយោបាយដឹកជញ្ជូន ផលចំណេញផ្នែកសេដ្ឋកិច្ច លើការដឹកជញ្ជូនលើផ្លូវទឹកទៅថ្ងៃអនាគត ព្រមទាំងនឹងបម្រើដល់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា នៅទិសនីរតី ដូចការប្រសិទ្ធនាមថា តារារះនៅទិសនីរតីផងដែរ។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញដល់រាជរដ្ឋភិបាលកម្ពុជា ពន្លឿនដល់ការបើកការដ្ឋានក្នុងការស្ថាបនា ព្រែកជីកហ្វូណនតេជោនេះតែម្ដងផងដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល ធ្លាប់បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង១៨០គីឡូម៉ែត្រ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ពីក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិចំនួន៤២រូប ទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស។ ជាលទ្ធផលនៃការសិក្សាបង្ហាញថា គម្រោងដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិកនេះ អាចដំណើរការទៅបានដោយគ្មានបង្កជាផលប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹករវាងទន្លេមេគង្គ និងសមុទ្រនោះទេ។
ជាងនេះទៀត គម្រោងដែលអនុញ្ញាតឱ្យនាវាចំណុះ៣ពាន់តោន អាចធ្វើចរាចរបាននេះ នឹងអាចហុចផលដល់សេដ្ឋកិច្ចចន្លោះពី២១% ទៅ៣០% រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត៕ អត្ថបទ៖ រង្សី