វេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ បានធ្វើឡើងនៅថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៤ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីបើកវេទិកាផ្ទាល់ នាទីក្រុងសេអ៊ូល។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឲ្យដឹងនៅលើបណ្តាញតេលេក្រាមផ្លូវការថា នៅក្នុងវេទិកាធុរកិច្ចនេះមានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុបប្រមាណជាង៣០០នាក់ ដែលតំណាងឱ្យ ១៩៨ ក្រុមហ៊ុន។
សម្តេចធិបតីបន្តថា សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគី សរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ក្នុងឆ្នាំ២០២៣កន្លងមកនេះ ។ លើសពីនេះ ការវិនិយោគដោយផ្ទាល់ពីវិនិយោគិនសាធារណរដ្ឋកូរ៉េ (FDI) មានចំនួនសរុបរហូតដល់ជាង ៥ពាន់លានដុល្លារនិយាយជារួម និងមានចំនួនប្រមាណ ៣០លានដុល្លារ ឈរលើលេខរៀងទី៩ ក្នុងឆ្នាំ២០២៣ កន្លងទៅ។

លើសពីនេះ កម្ពុជា-កូរ៉េ ក៏បានចុះជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ជាមួយគ្នាផងដែរ កាលពីខែធ្នូ ឆ្នាំ២០២២ ។ តាមរយៈកិច្ចព្រមព្រៀង CKFTA នឹងផ្តល់ភាពងាយស្រួល ដល់វិនិយោគិនកូរ៉េក្នុងការបណ្តាក់ទុន និងការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ ជាមួយនឹងកាលានុវត្តភាពជាច្រើនក្នុងស្រុក រួមជាមួយនឹងគោលការណ៍អនុគ្រោះការវិនិយោគ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលនឹងផ្តល់នូវ លក្ខខណ្ឌពិសេសជាច្រើន ជួយសម្រួលដល់វិនិយោគផងដែរ ។
សូមជម្រាបជូនថា សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤។គិតមកដល់ថ្ងៃនេះ សម្តេចធិបតីបានចូលរួមជួបជាមួយថ្នាក់ដឹកនាំកូរ៉េជាច្រើនរួមមាន លោក យូន ស៊ុកយ៉ល ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ, ជាអធិបតីក្នុងពិធីចុះអនុស្សរណៈជាមួយកូរ៉េលើឯកសារសំខាន់ៗ៦, ជួបជាមួយលោក ហាន់ ដុកស៊ូ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋកូរ៉េ, លោក AHN Dukgeun រដ្ឋមន្រ្តីពាណិជ្ចកម្ម ឧស្សាហកម្ម និងថាមពល និងចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ។បន្ទាប់ពីនេះ សម្តេចធិបតី ក៏បន្តកិត្តិយសជាអធិបតីក្នុងពិធីចុះអនុស្សារណៈយោគយល់លើឯកសារចំនួន៦ទៀតជាមួយកូរ៉េផងដែរ៕




