ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព ខណៈការដំឡើងកម្រិតទំនាក់ទំនងនេះ មេដឹកនាំទាំងពីរ រំពឹងថានឹងជួយជំរុញដល់កំណើនពាណិជ្ជកម្មប្រទេសទាំងពីរកាន់តែរីកចម្រើន និងរឹងមាំបន្ថែមផងដែរ។

ការឯកកាពនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ រវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម យូន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
នាឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយគ្របដណ្តប់លើវិស័យសំខាន់ៗរួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ និងវិស័យផ្សេងៗទៀត។

ជាលទ្ធផល ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព។
ក្រៅពីនេះ ចំពោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មវិញ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាលើការខិតខំជំរុញពាណិជ្ជកម្មនិងវិនិយោគឱ្យកាន់តែល្អប្រសើរតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (Cambodia-Korea FTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ទន្ទឹមនោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាជំរុញឱ្យកាន់តែល្អប្រសើរនៃទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕ អត្ថបទ៖ រង្សី
