សមយុទ្ធ «នាគមាសឆ្នាំ២០២៤» រវាងកងទ័ពកម្ពុជា-ចិន បានបើកធ្វើជាផ្លូវការកាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរ ភូមិន្ទ និង ឯកឧត្តម ឧត្តមនាវីទោ កៅ សីវឈីង នាយរងសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។
ក្នុងពិធីបើកជាផ្លូវការនេះ គេឃើញមានការតាំងបង្ហាញយុទ្ធោបករណ៍ទំនើបៗជាច្រើន ក្នុងនោះជាការចាប់អារម្មណ៍ខ្លាំងបំផុត គឺការតាំងបង្ហាញ កងទ័ពឆ្កែយន្ត ដែលមានសមត្ថភាពអាចស្ពាយកាំភ្លើងចូលសមរភូមិ បានថែមទៀត។
កងទ័ពឆ្កែយន្តនេះ គឺជាផលិតផលរបស់ក្រុមហ៊ុនចិន Unitree ដែលជំនាញលើការផលិតមនុស្សយន្ត និងគ្រឿងយន្តសម្រាប់ប្រើប្រាស់ក្នុងវិស័យយោធា។ ឆ្កែយន្តទាំង២គ្រឿងនេះគឺមានឈ្មោះថា Unitree Robot Dog B1 ដែលមានតម្លៃប្រហែល ១០០ ០០០ដុល្លារ និងមួយម៉ូដែលទឿតគឺ Unitree Robot Dog Go2 ដែលមានតម្លៃប្រហែល ១៤ ០០០ដុល្លារ។ នេះបើតាមទិន្នន័យបង្ហាញដោយគេហទំព័រផ្លូវការក្រុមហ៊ុន Unitree។
ជាមួយគ្នា គេហទំព័រ Gagadget ក៏បានបញ្ជាក់ថា ចំពោះម៉ូដែល Go2 ឆ្កែយន្តនេះ អាចប្រើប្រាស់ជំនួសការងារប្រចាំថ្ងៃបន្តិចបន្តួច ក៏ប៉ុន្តែសម្រាប់ម៉ូដែល B1 វិញ គឺមានសមត្ថភាពពេញលេញក្នុងការប្រើប្រាស់ក្នុងសមរភូមិ ដ្បិតវាធន់ការចុះទឹក អាចទ្រទំងន់ដល់ ១០០គីឡូក្រាម និងអាចប្រើប្រាស់រហូតដល់ ៤ម៉ោង ថែមទៀត។
គួរបញ្ជាក់ថា កងទ័ពកម្ពុជា និងចិន នឹងធ្វើសមយុទ្ធនាគមាស ២០២៤ រួមគ្នារយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ។ សមយុទ្ធផ្តោតលើប្រតិបត្តិការប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌។ កងកម្លាំងចូលរួម សរុបមានជាង២០០០ពាន់នាក់ ក្នុងនោះ កងទ័ពចិនមានចំនួនសរុបជាង ៧០០នាក់ និងកងទ័ពកម្ពុជាមានចំនួនសរុបជាង១០០០នាក់៕