សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់កូរ៉េ ខណៈកូរ៉េ គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ដោយបានចូលរួមពង្រឹងកម្លាំងពលកម្ម កែលម្អសេវាសាធារណៈ និងកសាងមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របពេលទំហំពាណិជ្ជកម្មប្រទេសទាំងពីរកើនលើស ១ ពាន់លានដុល្លារអាមេរិក។
សម្តេចធិបតី លើកឡើងដូច្នេះ ក្នុងពិធីបើក វេទិកាធុរកិច្ចកម្ពុជា-កូរ៉េ នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ កាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចធិបតី បានលើកឡើងថា កម្ពុជា និងកូរ៉េ មានទំនាក់ទំនងល្អជាយូរមកហើយប្រទេសទាំងពីរមានទំនាក់ទំនងស៊ីជម្រៅ និងមានភាពប្រទាក់ក្រឡាគ្នាលើច្រើនវិស័យ ដោយឈរលើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និង ការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក ។ ជាមួយគ្នានេះ ប្រជាជនកម្ពុជាប្រមាណ ៥៩.៣៧៨ នាក់ កំពុងរស់នៅសាធារណរដ្ឋកូរ៉េ ហើយប្រជាជនកូរ៉េប្រមាណ ៧. ៨០០ នាក់ កំពុងរស់នៅកម្ពុជា គិតត្រឹមឆ្នាំ ២០២៣។
ទន្ទឹមនេះ សម្តេចធិបតី ចាត់ទុកក្រុមហ៊ុនកូរ៉េ បាននិងកំពុងដើរតួនាទីជាតួអង្គគន្លឹះ ក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់កម្ពុជា ។ ការចូលរួមរបស់ក្រុមហ៊ុនកូរ៉េនៅវិស័យចម្រុះ ដូចជា កម្មន្តសាល អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេវាកម្មហិរញ្ញវត្ថុ បាន និងកំពុងជួយជំរុញកំណើនសេដ្ឋកិច្ច និងពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ។
ហេតុនេះ សម្តេចធិបតី អះអាងថា សាធារណរដ្ឋកូរ៉េ គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ខណៈពាណិជ្ជកម្មទ្វេភាគី បានកើនឡើងលើស ១ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣ ដោយគ្រប់ដណ្តប់វិស័យជាច្រើន ដូចជា វាយនភណ្ឌ ផលិតផលធ្វើដំណើរ កង់ គ្រឿងបន្លាស់អេឡិចត្រូនិក កសិកម្ម និងការកែច្នៃផលិតផលកសិកម្មជាដើម។
ជាថ្មីម្តងទៀត សម្តេចធិបតី ក៏បានប្រកាសស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់កូរ៉េ ដោយកម្ពុជា នៅមានសក្ដានុពលដ៏ធំសម្បើម សម្រាប់កំណើននៃតម្លៃបន្ថែម ក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប ដោយសាធារណរដ្ឋកូរ៉េ អាចប្រើប្រាស់ឯកទេសផ្នែកបច្ចេកវិទ្យាក្នុងការកែប្រែឧស្សាហកម្មកម្ពុជា និងបង្កើតកាលានុវត្តភាព ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕ អត្ថបទ៖ រង្សី