ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានឯកភាពគ្នាសិក្សាលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមគ្នា ដើម្បីពង្រីកការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀតទៀត។
ការសម្រេច ឯកភាពគ្នាសិក្សាលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ បានធ្វើឡើងតាមអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ ក្នុងទីក្រុងសេអ៊ូល, សាធារណរដ្ឋកូរ៉េ៖ កាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងពីរខាងលើ បានចុះហត្ថលេខាដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក AHN Dukgeun រដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ និងមានការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ គឺត្រូវបានរៀបចំឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការសម្របសម្រួលការវិនិយោគនៅក្នុងប្រទេសទាំងពីរ តាមរយៈការបង្កើតបរិយាកាសអំណោយផល ដែលសម្រួលដល់ការបង្កើត ប្រតិបត្តិការ និងការពង្រីកការវិនិយោគ និងសកម្មភាពអាជីវកម្ម។
ហេតុនេះ ដើម្បីសម្រេចនៅកិច្ចសហប្រតិបត្តិការខាងលើ គឺភាគីទាំងពីរ បានឯកភាពគ្នាសិក្សាលទ្ធភាព ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ តាមវិស័យជាក់លាក់ សំដៅទាក់ទាញរំហូរវិនិយោគិនកូរ៉េបានកាន់តែច្រើនបន្ថែមទៀត។
គួរបញ្ជាក់ដែរថា បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុក សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដែលការវិនិយោគដោយផ្ទាល់ពីវិនិយោគិនសាធារណរដ្ឋកូរ៉េ (FDI) នៅកម្ពុជាមានចំនួនសរុបរហូតដល់ជាង ៥ពាន់លានដុល្លារ កាលឆ្នាំ២០២៣ កន្លងទៅនេះ៕ អត្ថបទ៖ ពិសី