ក្រុមហ៊ុនផលិតកម្មកម្សាន្តឈានមុខមួយនៅលើពិភពលោករបស់កូរ៉េ ចង់វិនិយោគលើវិស័យសិល្បៈកម្សាន្តនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តនៃកម្ពុជា បានអនុញ្ញាតឲ្យលោក ប៉ាក សុងជីន(PARK Sungjin) តំណាងក្រុមហ៊ុន SM Entertainment ដែលក្រុមហ៊ុនផលិតកម្មកម្សាន្តឈានមុខមួយនៅកូរ៉េ និងសហការី ចូលជួបពិភាក្សាការងារ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោកប៉ាក សុងជីន បានជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាពអាជីវកម្មរបស់ក្រុមហ៊ុន ដែលផ្ដោតលើការរៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជា ការប្រគុំតន្ត្រី និងការសម្តែងសិល្បៈ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនក៏កំពុងតែមានកិច្ចសហការ និងការធ្វើអាជីវកម្មនៅតាមបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។

នាឱកាសនោះ លោកគូសបញ្ជាក់ថា ក្រុមហ៊ុនកំពុងស្វែងរកឱកាសពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅតាមបណ្ដាប្រទេសអាស៊ានបន្ថែមទៀត ដែលរួមមានកម្ពុជាជាដើម។

ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការរីករាយចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសធ្វើអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យសិល្បៈកម្សាន្ត នៅក្នុងកម្ពុជា។ ដោយសម្ដេចធិបតីបានលើកឡើងថា បច្ចុប្បន្ននេះ ខ្សែភាពយន្តកូរ៉េ (K-Drama) និង តន្រ្តី K-Pop កំពុងតែពេញនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងស្រទាប់យុវវ័យ។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ការធ្វើអាជីវកម្ម ឬការរៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជាការប្រគុំតន្ត្រីជាដើមនេះ គឺជាការរួមចំណែកនៅក្នុងការលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ ក៏ដូចជាការទាក់ទាញទេសចរណ៍ នៃប្រទេសទាំងពីរផងដែរ។

ទន្ទឹមនឹងនេះ សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា ដើម្បីសិក្សាអំពីឱកាស និងសក្ដានុពលវិនិយោគលើវិស័យនេះកម្ពុជា៕