ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ បានប្តេជ្ញារួមគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញាទ្វេភាគីឱ្យកាន់តែរឹងមាំ សំដៅជំរុញទំនុកចិត្តដល់ការវិនិយោគទាំងជាតិ និងអន្តរជាតិបន្ថែមទៀត។
ការប្តេជ្ញារវាងស្ថាប័នទាំងពីរ បានធ្វើឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា កាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េខាងត្បូង។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានោះដែរ បានធ្វើឡើងដោយលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។
បើតាមក្រសួងពាណិជ្ជកម្ម តាមរយៈអនុស្សរណៈរួមគ្នានេះ កម្ពុជា-កូរ៉េបានប្តេជ្ញាថា នឹងរួមគ្នាជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើផ្នែកសំខាន់ៗជាច្រើនដែលពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធបញ្ញា រួមមាន៖ ១. ការផ្លាស់ប្តូរព័ត៌មាននៃច្បាប់ពាក់ព័ន្ធកម្មសិទ្ធិបញ្ញា និងការផ្លាស់ប្តូរ ឬការកែសម្រួលណាមួយក្នុងវិស័យកម្មសិទ្ធិបញ្ញា ២. ការរៀបចំ និងផ្តល់ការអប់រំ និងការបណ្តុះបណ្តាលស្តីពីកម្មសិទ្ធិបញ្ញា ៣. ប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធិបញ្ញា ៤. កិច្ចសហប្រតិបត្តិការផ្នែកម៉ាក ៥. ការរួមគ្នាអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីក្នុងវិស័យម៉ាក ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) និង ៦. កិច្ចការពារ និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាជាដើម៕ អត្ថបទ៖ពិសី