គណៈប្រតិភូក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG) បានស្វែងរកការគាំទ្រដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ហើយដែលការវិនិយោគនោះគ្រោងនឹងផ្តោតលើសកម្មភាពបឋមចំនួន៣។
ការបង្ហាញបំណងរបស់គណៈប្រតិភូក្រុមហ៊ុន នៅក្នុងជំនួបពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG) ដឹកនាំដោយលោក Lu Xiaolong ប្រធានក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសមកទស្សនកិច្ចសិក្សានៅកម្ពុជា។
នាឱកាសនោះ លោក Lu Xiaolong បានបង្ហាញនូវការកត់សម្គាល់អំពីភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា និងបានជម្រាបជូនអំពីបំណងនៃការជួបពិភាក្សានាថ្ងៃនេះគឺដើម្បីស្វែងរកការគាំទ្រដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ហើយដែលការវិនិយោគនោះគ្រោងនឹងផ្តោតលើសកម្មភាពបឋមចំនួន៣ គឺ៖ ទី១, ការវិនិយោគថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ ទី២, ការវិនិយោគក្នុងវិស័យទេសចរណ៍ និង ទី៣, ការវិនិយោគក្នុងវិស័យកសិកម្ម។
ជាការឆ្លើយតបពាក់ព័ន្ធនឹងគម្រោងវិនិយោគនេះ លោក ជា វុទ្ធី បានសម្តែងនូវការគាំទ្រដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលគម្រោងវិនិយោគទាំងនេះនឹងជួយចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ពិសេស ការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានជំរុញឱ្យភាគីចិនជួយទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើន ពិសេសខេត្តសៀមរាប។
ទន្ទឹមនឹងនោះ លោកក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការគិតគូរក្នុងការវិនិយោគកែច្នៃកសិផលកម្ពុជាដើម្បីបម្រើឱ្យការផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងការនាំចេញ ជាពិសេសការជំរុញការនាំចេញនៅនឹងកន្លែងតាមរយៈភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា។
សូមជម្រាបជូនថា ក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG)ជាក្រុមហ៊ុនវិនិយោគដ៍ធំមួយដែលមានសកម្មភាពក្នុងវិស័យដឹកជញ្ជូនផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងវិស័យថាមពលកកើតឡើងវិញ ។ល។ ហើយក៏ជាម្ចាស់ភាគហ៊ុនធំនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរផងដែរ៕