កម្ពុជា-ឥណ្ឌា បានបង្ហាញក្តីរំពឹងរួមគ្នាថា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី នឹងស្ទុះខ្លាំង ក្រោយដំណើការការភ្ជាប់ការហោះហើរត្រង់រវាងរាជធានីទាំងពីរនាពេលដ៏ខ្លីខាងមុខនេះ។ នេះបើយោងតាមជំនួប ពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា លោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) កាលថ្ងៃទី២០ ឧសភា ឆ្នាំ២០២៤។
នាឱកាសនោះ លោកស្រី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដួចផ្ដើមឱ្យមានការតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ដែលនឹងដំណើរការក្នុងពេលឆាប់ៗនេះ។
ទន្ទឹមគ្នានេះ ការតភ្ជាប់ការហោះហើរត្រង់ លោកស្រី បានចាត់ទុកថា៖« សុបិនរបស់យើងបានខ្លាចជាការពិត ដែលទាំងអស់នេះនឹងជួយឱ្យទំនាក់ទំនងរវាងប្រទេសយើងទាំងពីរកាន់តែជិតស្និទ្ធ ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន មានជំនឿជឿទុកចិត្តគ្នាបន្ថែមទៀត ក៏ដូចជាការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរផងដែរ»។
លោកស្រី ក៏សង្ឃឹមថាទំនាក់ទំនង វិស័យនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត ហើយសង្ឃឹមថា នៅឆ្នាំនេះនាយករដ្ឋមន្ត្រីថ្មី នៃប្រទេសឥណ្ឌា និងសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងមានឱកាសជួបគ្នាផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរដែលប្រទេសឥណ្ឌាខិតខំបង្កើតឱ្យ មាន ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជា ទៅកាន់ប្រទេសឥណ្ឌា ហើយសម្ដេច បានចាត់ទុកថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ នៃទំនាក់ទំនងកម្ពុជា និងឥណ្ឌា។
ទន្ទឹមគ្នានេះសម្ដេចតេជោបានបញ្ជាក់ដែរថា៖« សូមអបអរសាទរផងដែរចំពោះការតភ្ជាប់ហោះហើរត្រង់ រវាងរដ្ឋធានីនៃប្រទេសទាំងពីរ ដែលទាំងនេះ នឹងជំរុញឱ្យទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកាន់តែមានភាពជិតស្និទ្ធ និងល្អប្រសើរបន្ថែមទៀត»។
គួរបញ្ជាក់ដែរថា តាមរយៈកិច្ចពិភាក្សាខាងលើ ភាគីឥណ្ឌា ក៏បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ថា ជាមិត្តចាស់ មិត្តល្អ ហើយបានពូនជ្រុំឱ្យទំនាក់ទំនងកម្ពុជា-ឥណ្ឌាកាន់តែមានភាពល្អប្រសើរជាបន្តបន្ទាប់៕ អត្ថបទ៖ រង្សី