សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាល បានវិនិយោគច្រើនណាស់ ទៅលើវិស័យសុខាភិបាល ពោលនៅក្នុងឆ្នាំ២០២៣កន្លងទៅនេះ ការចំណាយបានកើនដល់ប្រមាណ២.៣០០ប៊ីលានរៀល ស្មើនឹងជាង៥០០លានដុល្លារអាម៉េរិក។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ”នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា សម្រាប់អាណត្តិទី៧នេះ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មូលធនមនុស្សគឺជាកត្តាអាទិភាពទី១ ហើយដើម្បីឱ្យមូលធនមនុស្សដែលល្អ គឺត្រូវមានសុខភាពល្អជាចំបង និងដើម្បីទទួលបានសុខភាពល្អ គឺរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់មុនគេនៅលើការផ្ដល់សេវាសុខភាពល្អទៅដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រពេល៤០ឆ្នាំមកនេះ គឺរាជរដ្ឋាភិបាល បានធ្វើការវិនិយោគច្រើនណាស់លើសុខាភិបាល ពោលគឺកាលពីឆ្នាំ២០២៣ រដ្ឋាភិបាលបានចំណាយរហូតដល់ជាង ៥០០លានដុល្លារ អាមេរិកឯណោះ។
សម្ដេចមហាបរធិបតី បានចាត់ទុកថា កិច្ចការទាំងអស់នេះមានសារៈសំខាន់ណាស់ នៅក្នុងការលើកកម្ពស់ដល់វិស័យសុខាភិបាល ដោយនេះគឺជាផ្នែកមួយនៃការវិនិយោគ ប៉ុន្តែមានការវិនិយោគពាក់ព័ន្ធការចំណាយទៅលើការគាំពារសង្គមផ្សេងៗទៀត។ ក្រៅពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងជាថ្មីទៀតថា គោលដៅរបស់រាជរដ្ឋាភិបាលអណត្តិទី៧នេះ គឺធ្វើយ៉ាងណាធ្វើឱ្យវិស័យសុខាភិបាលរបស់រដ្ឋក្លាយទៅជាទីពឹងរបស់ប្រជាពលរដ្ឋនៅគ្រប់ពេលវេលា ហើយនៅថ្នាក់មូលដ្ឋានអាចផ្ដល់សេវាឱ្យប្រជាពលរដ្ឋ ២៤ ម៉ោង ក្នុង១សប្ដាហ៍ពេញតែម្ដង៕ អត្ថបទ៖ រង្សី