សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចេញបទបញ្ជាដល់អាជ្ញាធររាជធានី-ខេត្តទំាងអស់ត្រូវ រឹតបន្តឹង និងចាត់វិធានការច្បាប់លើក្រុមក្មេងទំនើងឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។សម្តេចធិបតី ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ។
នាឱកាសនោះ សម្តេចធិបតី បានលើកឡើងថា ចំពោះក្មេងទំនើងដែលបានបង្កចលាចលនៅក្នុងសង្គម ត្រូវតែចាត់វិធានការឱ្យបានទាន់ពេលវេលាដោយមិនត្រូវលើកលែងនោះឡើយ។ ហេតុនេះ សូមបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវពង្រឹងនិងបង្ក្រាបក្រុមក្មេងទំនើងឱ្យបានតឹងរ៉ឹងបំផុត ដោយគ្មានការយោគយល់ និងលើកលែងឡើយ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអំពាវនាវដល់ស្ថាប័នតុលាការ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងធូរលុងចំពោះករណីក្រុមក្មេងទំនើង។ ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានអំពាវនាវដល់ឪពុកម្ដាយ និងអ្នកអាណាព្យាបាលចូលរួមពង្រឹងតាមដាន និងអប់រំកូនចៅឱ្យបានល្អផងដែរ។
បើតាមសម្តេចធិបតី អះអាងថា ការដាក់បទបញ្ជាបែបនេះ បន្ទាប់ពីសម្តេចធិបតីសង្កេតឃើញថា នារយៈពេលកន្លងមកនេះមានករណីក្មេងទំនើងបង្កើតជាបក្ខពួកដេញកាប់ចាក់គ្នាយ៉ាងអណាធិបតេយ្យនៅតាមទីសាធារណៈ និងតាមដងផ្លូវទាំងនៅទីប្រជុំជន និងតាមបណ្តាខេត្តមួយចំនួន ដែលបណ្តាលឱ្យមានអ្នករងរបួស និងប៉ះពាល់ទៅដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម៕ អត្ថបទ៖រង្សី