ឆ្លៀតក្នុងឱកាសសន្និសីទអន្តរជាតិលើកទី២៩ ស្តីពីអនាគតរបស់អាស៊ី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកLee Minh Khai ឧបនាយករដ្ឋមន្ត្រី សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។
នាឱកាសជំនួបនោះ ឧបនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានលើកឡើងអំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។
ឆ្លៀតក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល ក៏បានធ្វើការពន្យល់លម្អិតអំពីគម្រោងព្រែកជីកហ្វូណនតេជោកម្ពុជា ដល់ឧបនាយករដ្ឋមន្ត្រីវៀតណាម Lee Minh Khai ផងដែរ ដោយលោកលើកឡើងថាគម្រោងនេះជាព្រែកជីក ដែលជីកលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់ ហើយធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណនមកម៉្លេះ។ចំពោះគម្រោងនេះ កម្ពុជាបានធ្វើការសិក្សាយ៉ាងលម្អិតអស់រយៈពេល ២៦ខែ ដោយមានការចូលរួមពីជំនាញការបច្ចេកទេសជាន់ខ្ពស់សរុបចំនួន៤៨នាក់ ដែលក្នុងនោះមានកម្រិតជំនាញជាសាស្រ្តាចារ្យមហាបរិញ្ញាវិទ្យាសាស្រ្តចំនួន ១១នាក់ វិស្វករជាន់ខ្ពស់លំដាប់ពិភពលោកចំនួន ៣០នាក់ និងកម្រិតវិស្វករចំនួន ៧នាក់ ដែលសុទ្ធសឹងដែលមានជំនាញនិងបទពិសោន៍ជាច្រើនឆ្នាំលើវិស្វកម្មសំណង់ផ្លូវទឹក វិស្វកម្មបូមស្តារព្រែកជីក ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ចសង្គម និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេស លើគ្រប់វិស័យដែលពាក់ព័ន្ធ។
លោកបន្តថា ផ្លូវទឹកនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណនិងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របានផងដែរ ដែលមិនអាចបង្ករឱ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានក្នុងប្រទេស ឬបង្កផលប៉ះពាល់ជាអវិជ្ជមានឆ្លងដែនទៅប្រទេសជិតខាងបានឡើយ ប៉ុន្តែផ្ទុយទៅវិញគម្រោងនេះនឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកចម្រុះគ្រប់ប្រភេទដែលមានសារៈប្រយោជន៍សម្រាប់ការកកើតនៃពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ កាត់បន្ថយទឹកជំនន់នៅខេត្តចំនួន៥ នៅក្នុងប្រទេសកម្ពុជា និងអាចការពារមិនឱ្យមានទឹកជំនន់ពីប្រទេសកម្ពុជាហូរចូលប្រទេសវៀតណាម។
លោក ស៊ុន ចាន់ថុល បានបន្ថែមទៀតថា ជាក់ស្តែង តាមការសិក្សាយ៉ាងលម្អិតបានបង្ហាញថា បច្ចុប្បន្នទឹកហូរពីទន្លេមេគង្គទៅសមុទ្រមានប្រមាណ ៨០០០ម៉ែត្រគូបក្នុងមួយវិនាទី(8000m3/s) ចំពោះទន្លេបាសាក់មានទំហំ ១៤០០ម៉ែត្រគូបក្នុងមួយវិនាទី(1400m3/s) ចំណែកគម្រោងព្រែកជីកហ្វូណននឹងប្រើប្រាស់ទឹកត្រឹមតែ ៥ម៉ែត្រគូបក្នុងមួយវិនាទី(5m3/s) តែប៉ុណ្ណោះ ឬប្រមាណ ០,០៥៣%។
បន្ទាប់ពីបានស្តាប់ការពន្យល់យ៉ាងក្បោះក្បាយរបស់លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងការផ្តល់ទិន្នន័យយ៉ាងជាក់លាក់ចំពោះគម្រោងនេះ ភាគីគណៈប្រតិភូវៀតណាមបានថ្លែងអំណរគុណដល់ ឧបនាយករដ្ឋមន្ត្រី និងសម្តែងការយល់ស្របចំពោះការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី។ជាមួយគ្នានេះ ភាគីគណៈប្រតិភូវៀតណាមសង្ឃឹមថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរផងដែរ៕