កម្ពុជា ស្នើវៀតណាមធ្វើយ៉ាងណាសម្រេចទិសដៅបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យដល់ ២០ប៊ីលានដុល្លារ នាពេលខាងមុខ

សង្គម​ និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើស្នើឱ្យភាគីមិត្តវៀតណាមធ្វើយ៉ាងណាសម្រេចទិសដៅបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យដល់ ២០ប៊ីលានដុល្លារ នាពេលដ៏ខ្លីខាងមុខ ខណៈការដោះដូរទំនិញរវាងប្រទេសកម្ពុជា-វៀតណាម នៅតែរក្សាកំណើនជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើបែបនេះរបស់លោកឧបនាយករដ្ឋមន្រ្តីនៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Lee Minh Khai ឧបនាយករដ្ឋមន្ត្រី សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសសន្និសីទអន្តរជាតិលើកទី២៩ ស្តីពីអនាគតរបស់អាស៊ី នាទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ ភាគីនៃប្រទេសទាំងពីរ បានរំលេចឡើងរួមគ្នាអំពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្ការបស់រដ្ឋាភិបាល បើទោះបីពិភពលោកកំពុងស្ថិតក្នុងស្ថានការណ៍ប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលមានលក្ខណ:កាន់តែស្រួចស្រាល់ និងមិនប្រាកដប្រជាក៏ដោយ។

បន្ថែមពីនេះភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

ឆ្លៀតក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល ក៏បានបង្ហាញការតាំងចិត្ត និងស្នើឱ្យមានការចូលរួមពីភាគីមិត្តវៀតណាម ធ្វើយ៉ាងណាសម្រេចទិសដៅក្នុងការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យដល់ ២០ប៊ីលានដុល្លារអាមេរិក នៅថ្ងៃអនាគតដ៏ខ្លីខាងមុខផងដែរ។

សូមបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-វៀតណាម បានរក្សានូវកំណើនជាបន្តបន្ទាប់ ដោយក្នុងឆ្នាំ ២០២៣ សម្រេចបានប្រមាណជិត ៦,៦ ពាន់លានដុល្លារ កើនជាង ៧ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ខណៈការនាំចេញរបស់កម្ពុជាកើនឡើងរហូតដល់ជាង ៣៧ ភាគរយ។ដោយឡែក បើគិតពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម មានទំហំទឹកប្រាក់សរុបប្រមាណ ១,៤១ ពាន់លានដុល្លារ កើនឡើង៣០,៤ ភាគរយ។នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ផលិតផលសំខាន់ៗ ដែលកម្ពុជានាំទៅវៀតណាម រួមមាន ស្រូវ ដំឡូងមី កៅស៊ូ ចេក ពោត ស្វាយ ស្វាយចន្ទី ថ្នាំជក់ និងធនធានធម្មជាតិ។ចំណែកឯទំនិញវៀតណាមនាំមកកម្ពុជាវិញរួមមានដូចជា សម្ភារសំណង់ ប្រេងឥន្ធនៈ គ្រឿងម៉ាស៊ីន ឧបករណ៍អេឡិចត្រូនិក អគ្គិសនី គ្រឿងទេស ជី និងបន្លែ ផ្លែឈើ ជាដើម៕