រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានស្នើទៅកាន់ដៃគូរអន្តរជាតិ ពិសេសបណ្តារប្រទេសនានា គាំទ្របេសកកម្មកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូន ខណៈកម្ពុជាបានប្តេជ្ញាចិត្តខ្ពស់លើរឿងនេះ។
លោក ប៉េង ពោធិ៍នា ស្នើដូច្នេះ នៅក្នុងឱកាសចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីដឹកជញ្ជូនលើកទី១៦ ក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ (ITF) នៅទីក្រុង ឡែបហ្សិក ប្រទេសអាល្លឺម៉ង់ កាលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។
នាឱកាសនោះ រដ្ឋមន្រ្តីដឹកជញ្ជួនកម្ពុជា បានលើកឡើងថា ថ្វីត្បិតតែការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជាមិនទាន់ដល់កម្រិតធ្ងន់ធ្ងរ តែរាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូន។
លោកថា ៖”រដ្ឋាភិបាលបានប្តេជ្ញាចិត្តខ្ពស់លើរឿងនេះ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង និងឯកសារផ្សេងៗទៀតដើម្បីសម្រេចគោលដៅអព្យាក្រិត្យកាបូននៅឆ្នាំ២០៥០ តាមរយៈការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី សិក្សាគម្រោងដឹកជញ្ជូនសាធារណៈ ដែលនឹងរួមចំណែកក្នុងការកាត់បន្ថយប្រេងឥន្ទនៈ លើកកម្ពស់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋ”។
បន្ថែមពីនេះ លោករដ្ឋមន្រ្តី ក៏បានសង្តត់ធ្ងន់ថា ជាមួយនឹងការតាំងចិត្តខ្ពស់ កម្ពុជា ក៏ត្រូវការកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ពិសេសជាមួយប្រទេសជាសមាជិក ITF ខណៈលោកក៏បានស្នើដល់បណ្តាប្រទេសជាសមាជិក ដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ ជួយគាំទ្រដល់កម្ពុជាក្នុងការបំពេញបេសកកម្មដ៏មានសារៈសំខាន់មួយនេះផងដែរ។
គូរបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីដឹកជញ្ជូន គឺជាកិច្ចប្រជុំដ៏សំខាន់ នៃវេទិកាដឹកជញ្ជូនអន្តរជាតិដែលប្រព្រឹត្តទៅមួយឆ្នាំម្តង ដើម្បីពិនិត្យទៅលើការវិវត្តិនៃវិស័យដឹកជញ្ជូននៅក្នុងសាកលលោក។ កិច្ចប្រជុំឆ្នាំ២០២៤ នេះ បានប្រព្រឹត្តទៅក្រោមប្រធានបទ ការដឹកជញ្ជូនបៃតង និងមានរបៀបវារៈ ចំនួន ៥៖ ១. ពិនិត្យវឌ្ឍនភាពការងាររបស់ ITF ដែលបានអនុវត្តនាឆ្នាំកន្លងមក, ២. រៀបចំ និងអនុម័តផែនការសកម្មភាពសម្រាប់អនុវត្តបន្ត, ៣. កំណត់ទិសដៅ និងយុទ្ធសាស្រ្តក្នុងកែលម្អវិស័យដឹកជញ្ជូន និងគំនិតផ្តួចផ្តើមថ្មីៗសំដៅកែលម្អបម្លាស់ទី (Mobility) , ៤.កៀរគរការគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍, អង្គការអន្តរជាតិ និងវិស័យឯកជន និង ៥.អនុម័តសមាជិកភាពថ្មី របស់ ITF។
អង្គប្រជុំនេះដែរ ក៏បានផ្តោតការពិភាក្សាលើការរួមចំណែករបស់វិស័យដឹកជញ្ជូនក្នុងការរក្សានិរន្តរភាពបរិសា្ថន និងផលប៉ះពាល់លើអាកាសធាតុ សុខភាព និងភូមិសាស្រ្តនយោបាយ។ ជាការកត់សម្គាល់ ប្រទេសជាសមាជិកទាំងអស់ទទួលស្គាល់ថាសុវត្ថិភាពចរាចរណ៍គីជាប្រធានបទដ៏សំខាន់ ហើយរដ្ឋាភិបាលនៃប្រទេសទាំងអស់កំពុងបន្តរួមគ្នាធ្វើយ៉ាងណាកាត់បន្ថយអត្រាគ្រោះថា្នក់ចរាចរណ៍នៅក្នុងប្រទេសឱ្យបានជាអតិបរមា៕ អត្ថបទ៖ រង្សី