សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គិតត្រឹមចុងខែមេសា ឆ្នាំ ២០២៤ បានផ្តល់ការធានាឥណទាន ក្នុងទំហំទឹកប្រាក់កម្ចីប្រមាណជាង ១៨៦ លានដុល្លារអាមេរិក ដើម្បីគាំទ្រសម្រាប់ឥណទានអាជីវកម្ម ការវិនិយោគ និងជាទុនបង្វិលនៃការពង្រីកអាជីវកម្មក្នុងស្រុក។
យោងតាមរយៈព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC ដែលផ្សាយចេញនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា បច្ចុប្បន្នភាពនៃទិន្នន័យការធានាឥណទានរបស់ CGCC គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ គឺបានផ្តល់ការធានាឥណទានជូនដល់ ២១៩៧ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ១៨៦.៣៥ លានដុល្លារ។
ព្រឹត្តិបត្រដដែល បានបង្ហាញទៀតថា សម្រាប់កម្ចីជាប្រាក់រៀល មានទំហំឥណទានដែលមានការធានាសរុបជាង ១២៤.៥ លានដុល្លារ និងទំហំការធានាឥណទានមានជិត ៩០.០៧ លានដុល្លារ។
ចំពោះប្រភេទអាជីវកម្មដែលបានផ្តល់ជូន គិតត្រឹមរយៈពេលនេះដែរ សរុបមានចំនួនជាង ២ ពាន់ក្រុមហ៊ុន/សហគ្រាស ក្នុងនោះអាជីវកម្មដែលគ្រប់គ្រងដោយស្រ្តីមាន ៩៤១ សហគ្រាស និងមិនគ្រប់គ្រងដោយស្រ្តីមានជាង ១២៥៦ ក្រុមហ៊ុន/ សហគ្រាស ។ ចំណែកប្រភេទនៃការកម្ចីវិញ អាជីវកម្មដែលមានការទ្រព្យធានាមានចំនួន ៨៣១ ក្រុមហ៊ុន/សហគ្រាស និងគ្មាន ទ្រព្យធានា មានចំនួន ១ ៣៦៦ ក្រុមហ៊ុន/សហគ្រាស។
គួររំលឹកថា សាជីវកម្មធានាឥណទានកម្ពុជា ត្រូវបានបង្កើតឡើង នៅចុងឆ្នាំ២០២០ ដើម្បីចូលរួមចំណែកជួយដល់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនធំៗ ដើម្បីបង្កើនលទ្ធភាពទទួលបានប្រាក់កម្ចីផ្លូវការពីស្ថាប័នហិរញ្ញវត្ថុដែលចូលរួមសម្រាប់ដើមទុនធ្វើការ ការវិនិយោគ និងការពង្រីកអាជីវកម្មនៅកម្ពុជា៕ អត្ថបទ៖ រង្សី