លោក វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ច ការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន បានស្វាគមន៍សំណើររបស់ប្រទេសកម្ពុជា ដែលសុំឱ្យភាគីចិនសិក្សាលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីបន្ថែមទៀត។
ការប្រកាសស្វាគមន៍នេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅ សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។
កិច្ចពិភាក្សាលោក សុខ ចិន្តាសោភា និងលោក វ៉ាង យី បានប្រព្រឹត្តទៅ ប្រកបដោយបរិយាកាសស្និទ្ធស្នាល មានភាពស៊ីជម្រៅ និងគ្របដណ្តប់លើការងារអាទិភាពជាច្រើនដែលត្រូវ ជំរុញអនុវត្ត ដើម្បីលើកកម្ពស់ទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងនោះរួមមានកិច្ច សហប្រតិបត្តិការវិស័យនយោបាយ ការពារជាតិនិងសន្តិសុខ ពាណិជ្ជកម្មនិងវិនិយោគ ថាមពល ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរវាងប្រជាជននិងប្រជាជន អប់រំ ទេសចរណ៍ និងវប្បធម៌។
ជាមួយគ្នានេះ ក្នងគោលបំណងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែច្រើន លោក វ៉ាង យី ក៏បានស្វាគមន៍សំណើរបស់ លោករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដែលសុំឱ្យភាគីចិនសិក្សាលទ្ធភាព ពង្រីក ឬបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីបន្ថែមទៀតនៅកម្ពុជា និងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈសំដៅ បង្កើនចំនួនកម្លាំងពលកម្មជំនាញនៅកម្ពុជា និងបញ្ជាក់ពីការបន្តគាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ធំៗនៅកម្ពុជា រួមមានផ្នែកដឹកជញ្ជូន ឡូជីស្ទិក ប្រព័ន្ធស្រោយស្រព និងប្រព័ន្ធធារាស្ត្រ រួមទាំងគម្រោង គ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោដែលមានសារសំខាន់ជាយុទ្ធសាស្ត្រដោយចិនមានបទពិសោធន៍ ជោគជ័យជាយូរមកហើយលើវិស័យទាំងនេះ។
ទន្ទឹមនេះដែរ លោក វ៉ាង យី ក៏បានសន្យាលើកទឹកចិត្ត ក្រុមហ៊ុន និងសហគ្រាស ចិនឱ្យធ្វើការវិនិយោគនៅកម្ពុជា និងពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជា ថែមទៀត។ ភាគីទាំងពីរបានឯកភាពផងដែរក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និង មានសក្តានុពលដូចជា អប់រំ ទេសចរណ៍ កសិកម្មទំនើប ការតភ្ជាប់ សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិតផងដែរ។
គួរបញ្ជាក់ដែរថា នៅក្នុងជំនួបនោះ លោក សុខ ចិន្តាសោភា និង លោក វ៉ាង យី ក៏បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈជាមួយគ្នា លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍រួមរវាងប្រទេសទាំងថែមទៀត៕ អត្ថបទ៖ រង្សី