ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនAlibaba រួមគ្នាជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុនAlibaba រៀបចំសិក្ខាសាលា ស្តីអំពី“លើសពីទីផ្សារកម្ពុជា ដើម្បីរួមគ្នាជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com”។នេះបើយោងតាមហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងបន្ថែមថា ការសហការគ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនAlibaba គឺដើម្បីជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ និងផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទាញយកប្រយោជន៍ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល ឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះនៅក្នុងបញ្ចកោណទី២ ស្តីពី “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង” និង បញ្ចកោណទី៥ ស្តីពី “ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល”, និងការដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥”។

សម្តេចធិបតី បន្តទៀតថា សិក្ខាសាលានេះ គឺជាសកម្មភាពឆ្លុះបញ្ចាំងពីភាពជាដៃគូ និងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ក្នុងការលើកកម្ពស់ផលិតផលកម្ពុជា និងសំដៅជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស ការប្រតិបត្តិការតាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

គួរបញ្ជាក់ថា តាមរយៈថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក (eWTP) ក្រសួងពាណិជ្ជកម្មនឹងសហការជាមួយក្រុមហ៊ុន Alibaba ក្នុងការបើកពន្លាជាតិកម្ពុជានៅក្នុងផ្សារពាណិជ្ជកម្ម Alibaba.com នៅខែកញ្ញាខាងមុខ នៅក្នុងព្រឹត្តការណ៍អម ពិព័រណ៍ចិន-អាស៊ានលើកទី២១នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងចូលរួមសហការក្នុងការផ្សព្វផ្សាយផលិតផលកម្ពុជាបន្ថែមទៀតនៅក្នុងព្រឹត្តការណ៍ពិព័រណ៍ផ្សេងៗទៀតផងដែរ។ បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម នឹងបន្តសហការជាមួយ Alibaba.com និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការពង្រីកវិសាសភាពចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ និងពង្រីកបណ្តាញអាជីវកម្មនៅក្រៅប្រទេសប្រកបដោយភាពជឿជាក់ថែមទៀត។

ជុំវិញរឿងនេះ ក្រសួងពាណិជ្ជកម្ម ក៏បានជំរុញឱ្យពាណិជ្ជករ/អាជីវករ ដែលមានផលិតផលកម្ពុជា ធ្វើការទំនាក់ទំនងទៅកាន់ប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦ សម្រាប់បញ្ជាក់ព័ត៌មានបន្ថែមផងដែរ៕ អត្ថបទ៖ រង្សី